Monday, July 5, 2010
ទ័ពព្រៃអ៊ីស្លាមផ្តាច់ទឹកដីនិយមនៅប្រទេសហ្វ៊ីលីពីន
អស់រយៈពេលជាង៣០ឆ្នាំមកហើយដែល
ហ្វ៊ីលីពីន ប្រឈមមុខនឹងភេរវកម្មអ៊ីស្លាមជ្រុលនិយមពីព្រោះនៅខាងត្បូងនៃ ប្រទេសនេះដូចជានៅកោះ Mindanao Sulu និងJoloជាដើមមានសុទ្ធតែប្រជាជនអ្នកកាន់សាសនាអ៊ីស្លាមរស់នៅ ។
ពួក អ្នកកាន់សាសនាអ៊ីស្លាមទាំងនេះបានផ្តើមបង្ករឿងរ៉ាវនៅ ក្នុងទសវត្សរ៍ឆ្នាំ១៩៥០ពីព្រោះកាលណោះរដ្ឋាភិបាលទីក្រុង Manille បានផ្តើមបញ្ជូនប្រជាជនអ្នកកាន់គ្រិស្តសាសនាទៅតាំងលំនៅដ្ឋាននៅ លើកោះMindanao ជាហេតុធ្វើឲ្យសហគមន៍អ៊ីស្លាមនៅទីនោះខឹងច្រឡោតតោតតូង។
គឺ នៅក្នុងបរិបទបែបនេះហើយដែលចលនាអ៊ីស្លាមផ្តាច់ទឹកដីនិយមចំនួន ពីរបានត្រូវបង្កើតឡើងគឺរណសិរ្ស Moro រំដោះជាតិ និងរណសិរ្ស Moroអ៊ីស្លាមរំដោះ។ កងទ័ពព្រៃទាំងពីរនេះទាមទារបង្កើតរដ្ឋអ៊ីស្លាមឯករាជ្យមួយដែល លាតសន្ធឹងគ្របយកកោះធំជាងគេគឺMindanaoនិងកោះតូចៗពីរទៀតគឺ SuluនិងJolo។ នៅចំពោះមុខចលនាទ័ពព្រៃអ៊ីស្លាមជ្រុលនិយមទាំងពីរនេះរដ្ឋាភិបាល ហ្វ៊ីលីពីនជាបន្តបន្ទាប់គ្នាជួនកាលអនុវត្តនយោបាយវាយបង្ក្រាប និងជួនកាលទៀតនយោបាយលួងលោមបំបោសអង្អែល។ នៅឆ្នាំ១៩៧៦កិច្ចព្រមព្រៀងមួយរវាងទីក្រុង Manille និងពួកទ័ពព្រៃបានបង្កើតឲ្យមានតំបន់ស្វយ័តមួយនៅប៉ែកខាងលិចនៃ កោះMindanaoនិងនៅកោះSulu។ ក៏ប៉ុន្តែនៅក្នុងដំបន់ស្វយ័តនេះប្រជាជនអ្នកកាន់គ្រិស្តសាសនាបែ រជាមានចំនួនច្រើនជាងពួកអ្នកកាន់សាសនាអ៊ីស្លាមទៅវិញ។ ម៉្លោះហើយបានជាពីរឆ្នាំក្រោយមកគឺនៅឆ្នាំ១៩៧៨ រណសិរ្ស Moro រំដោះជាតិ ដែលយល់ថាបានចាញ់បោករដ្ឋាភិបាលទីក្រុង Manille ក៏សម្រេចចាប់អាវុធធ្វើការតស៊ូជាថ្មីឡើងវិញ។ ក្រោយមកពោលគឺនៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ការប្រយុទ្ធគ្នារវាង កងទ័ពជាតិនិងកងទ័ពព្រៃអ៊ីស្លាមផ្តាច់ទឹកដីនិយមបានបណ្តាលឲ្យ មានជនភៀសខ្លួនកើនចំនួនរហូតទៅដល់ជាង៥០០០០០នាក់។ នៅឆ្នាំ១៩៩២លោកFidel Ramosដែលទើបតែបានជាប់ឆ្នោតជាប្រធានាធិបតីហ្វ៊ីលីពីនបែរជា សម្រេចចិត្តធ្វើការចរចាជាមួយពួកទ័ពព្រៃអ៊ីស្លាមជ្រុលនិយមទៅវិញ ។ អ៊ីចឹងហើយបានជានៅឆ្នាំ១៩៩៧រណសិរ្ស Moroរំដោះជាតិបានយល់ព្រមដាក់អាវុធហើយទទួលបានពីរដ្ឋាភិបាល ទីក្រុងManilleស្វយភាពនៃតំបន់Mindanao។ ផ្ទុយទៅវិញរណសិរ្សMoroអ៊ីស្លាមរំដោះបន្តតស៊ូរហូតដល់ឆ្នាំ២០០០ មុននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយរដ្ឋាភិបាលនៅ ខែសីហាឆ្នាំ២០០១។ ទោះជាយ៉ាងណាក៏ដោយជាង១០ឆ្នាំចុងក្រោយនេះទ័ពព្រៃអ៊ីស្លាមជ្រុល និយមដែលបង្កបញ្ហាដល់រដ្ឋាភិបាលហ្វ៊ីលីពីនខ្លាំងជាងគេគឺពួក Abu Sayyaf ។ ពួកAbu Sayyaf គឺជាពួកជ្រុលនិយមផុតលេខដែលបានផ្តាច់ខ្លួនចេញពី រណសិរ្សMoroអ៊ីស្លាមរំដោះនៅចុងទសវត្សរ៍ ឆ្នាំ១៩៩។ ពួកAbu Sayyaf ចាប់ផ្តើមមានឈ្មោះល្បីសុះសាយពេញពិភពលោកនៅដើមទសវត្សរ៍ឆ្នាំ ២០០០ពីព្រោះកាលនោះពួកវាបានចាប់ជនជាតិស្បែកសជាច្រើននាក់ធ្វើ ជាចំណាប់ខ្មាំង។ នៅក្រោយមហាភេរវកម្មថ្ងៃទី១១ កញ្ញាឆ្នាំ២០០១សហរដ្ឋអាមេរិកដែលបានចាត់ទុកអាស៊ីអាគ្នេយ៍ថាជា សមរភូមិទីពីរនៃសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងភេរវកម្មអន្តរជាតិ សង្ស័យថាអង្គការភេរវកម្មអន្តរជាតិAl Qaïdaរបស់Ben Ladenមានទំនាក់ទំនងជាមួយពួកAbu Sayyaf។ អីចឹងហើយបានជានៅឆ្នាំ២០០២សហរដ្ឋអាមេរិកបានបញ្ជូនទ័ពជាង៣០០០ នាក់ទៅប៉ែកខាងត្បូងប្រទេសហ្វ៊ីលីពីនដើម្បីជួយរដ្ឋាភិបាលទីក្រុង Manilleក្នុងប្រតិបត្តិការកំទេចពួកAbu Sayyaf។ ក៏ប៉ុន្តែរហូតដល់ឆ្នាំ២០០៦កងទ័ពរដ្ឋាភិបាលហ្វ៊ីលីពីនទោះជា មានជំនួយពីសហរដ្ឋអាមេរិកក៏ដោយមិនអាចវាយបង្ក្រាបពួកអ៊ីស្លាម ជ្រុលនិយមបានឡើយ។ ឧទាហរណ៍នៅខែកុម្ភៈឆ្នាំ២០០៥ការប្រយុទ្ធគ្នារវាងកងទ័ពជាតិ ហ្វ៊ីលីពីននិងពួកAbu SayyafនៅលើកោះJoloបានបណ្តាលឲ្យមានស្លាប់រាប់សិបនាក់ទាំងសងខាង ។ មិនតែប៉ុណ្ណោះពួកAbu Sayyafបានទាំងលាតសន្ធឹងសកម្មភាពភេរវកម្មរបស់គេចូលទៅដល់កណ្តាល ទីក្រុងManilleទៀតផង។ នៅទីបំផុតនៅខែសីហាឆ្នាំ ២០០៦ដោយមានការជួយជ្រោមជ្រែងសម្បើមអស្ចារ្យពីសំណាក់កងទ័ព អាមេរិកាំងកងកម្លាំងជាតិហ្វ៊ីលីពីនបានធ្វើប្រតិបត្តិការវាយលុក ទៅលើពួកAbu Sayyafជាថ្មីម្តងទៀត។ មានស្លាប់ជាច្រើនរយនាក់នៅខាងពួកទ័ពព្រៃ។តែសព្វថ្ងៃនេះមេ ទ័ពធំៗនៃចលនាAbuSayyafនៅបន្តមានជីវិតនិងបន្តពួនលាក់ខ្លួននៅ ក្នុងព្រៃការពារដោយទាហានស្មោះស្ម័គ្រស្លាប់រស់ពី២០០ទៅ៤០០នាក់ ៕
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment