Monday, July 5, 2010

ភាព​ផុយ​ស្រួយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ នៅ​អាស៊ីអាគ្នេយ៍


ភាព​ផុយ​ស្រួយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ នៅ​អាស៊ី​អាគ្នេយ៍​ ផុយ​ស្រួយ​ ពីព្រោះ ម៉្យាង សុទ្ធ​សឹង​ជា​ លទ្ធិ​ប្រជាធិបតេយ្យ​ថ្មីថ្មោង​ ដែល​តែង​ជួប​នឹង​វិបត្តិ​នយោបាយ សង្គម សេដ្ឋកិច្ច​ និង​សន្តិសុខ​។ ពីព្រោះ​ម៉្យាងទៀត​ ថ្នាក់​ដឹក​នាំ​ខ្លះ​នៅ​តែ​មិន​ព្រម​ទទួល​គោល​ការណ៍​ប្រជា​ធិបតេយ្យ​បែប​ បស្ចិម​លោក​។

ផែន​ទី​អាស៊ី​អាគ្នេយ៍

ជា ​ការ​ពិត​ណាស់​ដែល​ថា​ បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​ចំនួន​ បាន​បោះ​ជំហាន​ ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​ ជា​ពិសេស​នៅ​ក្នុង​អំឡុង​ទសវត្សរ៍​ទី​៩០​។ ក៏​ប៉ុន្តែ​ លទ្ធិ​ប្រជាធិបតេយ្យ​
ថ្មីថ្មោង​ទាំង​នេះ​ ផុយ​ស្រួយ​មែន​ទែន​ តែង​ជួប​នឹង​វិបត្តិ​បី​ប្រភេទ​ ៖ វិបត្តិ​នយោបាយ​ វិបត្តិ​សង្គម​និង​សេដ្ឋកិច្ច​ និង​វិបត្តិ​សន្តិសុខ​។

វិបត្តិ ​នយោបាយ​តែងតែ​កើត​ឡើង​ នៅ​ពេល​ដែល​ពលរដ្ឋ​ចាប់​ផ្តើម​ប្រឆាំង​នឹង​អ្នក​ដឹកនាំ​ដែល​ខ្លួន​បាន​បោះ​ ឆ្នោត​តែងតាំង​ជា​ប្រមុខរដ្ឋ​ឬ​ប្រមុខ​រដ្ឋាភិបាល​។ ជា​ទូទៅ​ ពលរដ្ឋ​បែក ​ចិត្ត​ ឈប់​គាំទ្រ​អ្នក​ដែល​ខ្លួន​បាន​បោះឆ្នោត​ឲ្យ​ ដោយ​ហេតុ​តែ​ពួក​អ្នក​ដឹក​នាំ​ទាំងនេះ​ ពុក​រលួយ​ ឬ​គ្រប់គ្រង​ប្រទេស​របៀប​ផ្តាច់ការ​ពេក​។ វិបត្តិ​នយោបាយ​បែប​នេះ​ បាន​កើត​ឡើង​ នៅ​Philippines ក្នុង​ខែ​មករា​ឆ្នាំ​២០០១​។ កាល​នោះ​ លោក​ប្រធានាធិបតី​ Joseph Estrada ដែល​ជាប់​ចោទ​ថា​ បាន​គៃ​បន្លំ​យក​ប្រាក់​រដ្ឋ​ ត្រូវ​បង្ខំ​ចិត្ត​លា​ចេញ​ពី​តំណែង​ និង​ប្រគល់​អំណាច​ ទៅ​ឲ្យ​លោក​ស្រី​អនុប្រធានាធិបតី​Gloria Arroyo ​។ ករណី​ស្រដៀង​គ្នា​ ក៏​បាន​កើត​ឡើង​ដែរ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ ក្នុង​ខែ​កក្កដា​ឆ្នាំ​២០០១​។ កាល​នោះ​ លោក​ប្រធានាធិបតី​Wahid ដែល​ជាប់​ទាក់ទិន​ក្នុង​រឿង​ពុក​រលួយ​ ក៏​ត្រូវ​បាត់​បង់​អំណាច​ដែល​បាន​ទៅ​ក្នុង​ដៃ​របស់​លោក​ស្រី​អនុ​ ប្រធានាធិបតី​ Megawati Sukarnoputri វិញ​ម្តង​។

គ្រោះថ្នាក់ ​ទី​ពីរ​ ដែល​លទ្ធិ​ប្រជាធិបតេយ្យ​ថ្មីថ្មោង​ នៅ​អាស៊ី​អាគ្នេយ៍​ជួប​ប្រទះ​ គឺ​វិបត្តិ​សេដ្ឋកិច្ច​ និង​សង្គម​។ គឺ​ជា​សំណាង​មួយ​ល្អ​ហើយ​ ដែល​វិបត្តិ​សេដ្ឋកិច្ច​អាស៊ី ​នៅ​ឆ្នាំ​១៩៩៧​ មិន​អូស​បន្លាយ​យូរ​ និង​មិន​ធ្វើ​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​ក្មេង​ខ្ចី​ទាំង​នេះ​ដួល​រលំ​។ ក៏ប៉ុន្តែ ភាព​ក្រីក្រ​ និង​ទុក្ខ​វេទនា​របស់​ប្រជាជន​ភាគ​ច្រើន​ ដូចជា​នៅ​Philippines ឥណ្ឌូនេស៊ី ឬ កម្ពុជា ធ្វើ​ឲ្យ​ផុយ​ស្រួយ​ លទ្ធិ​ប្រជាធិបតេយ្យ​។ នៅ​ក្នុង​បណ្តា​ប្រទេស​ទាំង​នេះ លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ខ្វះ​ចន្ទល់​មួយ​ដ៏​សំខាន់​ នោះ​គឺ​ការ​ស្វែង​រក​កំណើន​សេដ្ឋកិច្ច​ ដើម្បី​ឲ្យ​ប្រជាជាតិ​ទាំង​មូល​ធូរធារ​ មិន​មែន​ឲ្យ​ធូរធារ​តែ​អ្នក​មាន​ និងអ្នក​មាន​អំណាច​មួយ​ក្តាប់​តូច​តែ​ប៉ុណ្ណោះ​ទេ​។

ក្រៅ ​ពី​នេះ​ វិបត្តិ​សន្តិសុខ​ក៏​អាច​នឹង​ក្លាយ​ជា​គ្រោះថ្នាក់​ធំ សំរាប់​លទ្ធិ​ប្រជាធិបតេយ្យ​ថ្មីថ្មោង​ នៅ​អាស៊ី​អាគ្នេយ៍​ នា​អនាគត​ខាង​មុខ​។ គ្រោះថ្នាក់​នេះ​ អាច​ស្តែង​ចេញ​ តាម​រយៈ​រូបភាព​ពីរ​ខុស​គ្នា​។ រូប​ភាព​ទី​មួយ​ គឺ​ អំពើ​ភេរវកម្ម​ ដែល​មាន​កើត​ឡើង​ជា​ហូរហែ​ នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​ថៃ​ នៅ​ឥណ្ឌូនេស៊ី​ ឬ​នៅ​Philippines។ ចូរ​កុំ​ភ្លេច​ថា​ ពួក​ភេរវជន​ ជា​ពិសេស​ពួក​ភេរវជន​អ៊ីស្លាម​ជ្រុល​និយម​ ជា​សត្រូវ​របស់​លទ្ធិ​ប្រជាធិបតេយ្យ​។ ឯ​រូបភាព​ទី​ពីរ​នៃ​វិបត្តិ​សន្តិសុខ​ ដែល​អាច​គំរាម​លទ្ធិ​ប្រជាធិបតេយ្យ​ នៅ​អាស៊ី​អាគ្នេយ៍​ គឺ​សង្គ្រាម​ សង្គ្រាម​ស៊ីវិល​ ឬ​សង្គ្រាម​រវាង​ប្រទេស​ជិត​ខាង​របង​ជា​មួយ​។ ជា​ការ​ពិត​ណាស់​ដែល​ថា​ ខុស​ពី​នៅ​ អាស៊ី​បូព៌ា​ដែល​សម្បូណ៌​ទៅ​ដោយ​ចំណុច​ក្តៅ​គគុក​ ដូច​នៅ​ឧបទ្វីប​កូរេ​ ឬ​នៅ​ដៃ​សមុទ្រ​Formose អាស៊ី​អាគ្នេយ៍ ​ជា​តំបន់​ស្ងប់​ល្អ​ គ្មាន​ភាព​តានតឹង​ឡើយ​ នៅ​ដើម​សតវត្សរ៍​ ទី​២១​នេះ​។ ក៏​ប៉ុន្តែ ការ​ប៉ះ​ទង្គិចគ្នា​ជា​ច្រើន​សា​ រវាង​កង​ទ័ព​ថៃ​និង​កង​ទ័ព​ខ្មែរ​ នៅ​ម្តុំ​ ព្រះ​វិហារ​ នា​ចុង​ឆ្នាំ​២០០៨ គួរ​ជម្រុញ​អ្នក​ដឹក​នាំ​នៅ​ក្នុង​តំបន់​ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​។

យ៉ាង​ណា​ក៏​ដោយ​ សព្វ​ថ្ងៃ​ អាស៊ី​អាគ្នេយ៍​ នៅ​តែ​ជា​ទី​ ដែល​លទ្ធិ​ប្រជាធិបតេយ្យ​មាន​ដំណើរ​រប៉ាក់រប៉ើក​។ មូលហេតុ​មាន​ច្រើន​យ៉ាង​៖

មូលហេតុ ​ទី​មួយ​ គឺ​មក​អំពី​ថ្នាក់​ដឹក​នាំ​ខ្លះ​ មិន​ព្រម​ទទួល​គោល​ការណ៍​ប្រជាធិបតេយ្យ​ បែប​បស្ចិម​លោក​ នាំ​គ្នា​និយាយ​ថា ​មិន​ត្រូវ​អនុវត្ត​ឡើយ​ ឬ​ក៏​មិន​ត្រូវ​អនុវត្ត​ម៉ត់ចត់​ហួស​ហេតុ​ពេក​ទេ​ លទ្ធិ​ប្រជាធិបតេយ្យ​។ ដើម្បី​ពង្រឹង​ទឡ្ហីករណ៍​នេះ ពួក​គេ​បាន​ទាំង​ចងក្រង​ឡើង​នូវ​អ្វី​ដែល​គេ​ហៅ​ថា​« គោលរណ៍​អាស៊ី​ » (Les valeurs asiatiques)។

តើ​អ្វី​ទៅ​ គោលការណ៍​អាស៊ី​ ? វា​គឺ​ជា​ទ្រឹស្តី​មួយ​ដែល​អតីត​នាយករដ្ឋមន្ត្រី​សិង្ហបូរី​ Lee Kuan Yew បាន​បង្កើត​ឡើង​ ក្នុង​គោល​ដៅ​ច្រាន​ចោល​លទ្ធិ​ប្រជា​ធិបតេយ្យ​បែប​បស្ចិម​លោក។

Lee Kuan Yew បាន​អះអាង​ជា​អាទិ៍​ថា​ បណ្តា​សង្គម​អាស៊ី​ មាន​ប្រពៃណី​របស់​គេ​ ដែល​ខុស​គ្នា​ស្រឡះ​ពី​ប្រពៃណី​បស្ចិម​លោក​។ ​បស្ចិម​លោក​ឲ្យ​តម្លៃ​ទៅ​លើ​បុគ្គល​ សេរីភាព​ និង​វិស្សមកាល​ ចំណែក​ពិភព​អាស៊ី​ឲ្យ​តម្លៃ​ ទៅលើ​គ្រួសារ​ សង្គម វិន័យ​ សណ្តាប់​ធ្នាប់ អំណាច និង​ការងារ។

Lee Kuan Yew បាន​អះ​អាង​ថា​ គោលការណ៍​អាស៊ី​ប្រសើរ​ជាង​គោលការណ៍​ប្រជាធិបតេយ្យ។ នេះ​មិន​មែន​ជា​ការ​មួយ​ចៃដន្យ​ឡើយ​ ពីព្រោះ ពី​ទសវត្សរ៍​ទី​៨០​ រហូត​ដល់​ពាក់​កណ្តាល​ទសវត្សរ៍​ទី​៩០​ បណ្តា​ប្រទេស​ដែល​គេ​ហៅ​ថា​« នាគអាស៊ី »មាន​កំណើន​សេដ្ឋកិច្ច​ក្លៀវ​ក្លា​ នៅ​ពេល​ដែល​សេដ្ឋកិច្ច​បស្ចិម​លោក​ជា​ទូទៅ​បាត់បង់​សន្ទុះ​ ជា​ហេតុ​ជម្រុញ​ នៅ​ពេល​នោះ​ ឲ្យ​បណ្តា​ប្រទេស​នាគ​សេដ្ឋកិច្ច​ទាំង​នេះ​ និយាយ​អួតអាង​អំពី​គំរូ​សង្គម​របស់​ពួក​គេ​ និង​ទិតៀន​គំរូ​សង្គម​របស់​បស្ចិម​លោក។

មូលហេតុមួយទៀតដែលបង្កឲ្យលទ្ធិប្រជាធិបតេយ្យមានដំណើររប៉ាក់រប៉ើក នៅអាស៊ី អាគ្នេយ៍​ គឺ​ការ​លេចត្រដែត​ឡើង​ខ្លាំង​នៃ​ប្រទេស​ចិន​កុម្មុយនីស្ត​ នៅ​លើ​ឆាក​តំបន់​ និង​នៅ​លើ​ឆាក​អន្តរជាតិ​។ ទីក្រុង​Pékin​ខ្លួន​ឯង ​ដែលនៅ​តែ​មិន​ព្រម​ផ្តល់​សិទ្ធិនយោបាយ​ ឲ្យ​ពល​រដ្ឋ​របស់​ខ្លួន​ រក​ស៊ី​ជា​មួយ​ប្រទេស​កាន់​អំណាច​ផ្តាច់​ការ​ដូច​យ៉ាង​ភូមា​ ធ្វើ​ឲ្យ​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​បស្ចិមលោក​ទៅ​លើ​ប្រទេស​នេះ​គ្មាន​​ ប្រសិទ្ធិ​ភាព​ ហើយផ្តល់​ជំនួយ​គ្មាន​ល័ក្ខខណ្ឌ័​នយោបាយ​ ដល់​ប្រទេស​ប្រជាធិបតេយ្យ​ថ្មីថ្មោង​ដូច​ជា​កម្ពុជា​ជា​ដើម​។

ឯ​ មូលហេតុ​ចុង​ក្រោយ​ គឺ​ការ​ដែល​ប្រទេស​អាស៊ី​មួយ​ចំនួន​ នៅ​តែ​មិន​ព្រម​បោះបង់​ចោល​រដ្ឋ​ប្រហារ​យោធា​ ដូច​ជា​ថៃ​ជា​ដើម​ ឬ​ក៏​ប្រទេស​Philippines​ ជាទី​ដែល​ពាក្យ​ចចាមអារ៉ាម​ស្តី​ពី​រដ្ឋ​ប្រហារ​យោធា​ចេះ​តែ​លេច​ឮ​ឡើង​មិន​ ស្វាង​។

បន្ថែម ​ពី​លើ​នេះ​ ទស្សនៈវិស័យ​នៃ​វិបត្តិ​សេដ្ឋកិច្ច​បច្ចុប្បន្ន​ មិន​អាច​បំផុស​ឲ្យ​មាន​ សុទិដ្ធិនិយម​បាន​ទេ នៅ​ចំពោះ​មុខ​ការ​វិវឌ្ឍន៍​ទៅ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ នៅ​អាស៊ី​អាគ្នេយ៍​ ពីព្រោះ​បើ​វិបត្តិ​អូស​បន្លាយ​​យូរ​ អ្នក​ក្រីក្រ​នឹង​កើន​ចំនួន​ ហើយ​អាច​នឹង​បែរ​ទៅ​រក​ចលនា​នយោបាយ​ជ្រុល​និយម​៕

0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ