Monday, July 5, 2010
របបសឹកភូមា
តាំងពីឆ្នាំ១៩៦២មកម៉្លេះ អំណាចរដ្ឋនៃប្រទេសភូមាឋិតនៅក្នុងដៃរបស់ក្រុមនាយទាហាន ហើយតាមមើលទៅ វានឹងមិនអាចវិលមកដៃស៊ីវិលវិញងាយៗបានទេ ពីព្រោះមនោគមវិជ្ជានៃរបបសឹកភូមាឈរលើការប្រឆាំងនឹង ប្រជាធិបតេយ្យូបនីយកម្ម និងការប្រឆាំងនឹងបស្ចិមលោក។
ផ្ទុយ ពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដទៃ ដែលហាក់បីដូចជាខិតខំបោះជំហាន ទៅរក លទ្ធិប្រជាធិបតេយ្យ និងបើកចំហព្រំដែននៃប្រទេសខ្លួន ភូមានៅតែជារបបផ្តាច់ការ បិទព្រំដែនសឹងជិតឈឹង មានទំនាក់ទំនងតិចតួចបំផុត ជាមួយពិភពលោក។
របប ផ្តាច់ការភូមា ជារបបសឹក បានន័យថាអំណាចឋិតនៅក្នុងកណ្តាប់ដៃរបស់យោធា។ មិនមែនជាការចៃដន្យទេ ដែលអំណាចត្រូវបានកាន់កាប់ដោយក្រុមនាយទាហាន ពីព្រោះពីឆ្នាំ១៩៤៨ ឆ្នាំដែលភូមាទទួលបានឯករាជ្យ រហូតដល់ឆ្នាំ១៩៦២ រដ្ឋាភិបាលស៊ីវិល ចេះតែទៅពឹងពាក់កងទ័ពឥតឈប់ឈរ។ ជាក់ស្តែង នៅឆ្នាំ១៩៤៨ នាយករដ្ឋមន្ត្រី U Nu បានពឹងពាក់ឧត្តមសេនីយ Ne Win ឲ្យបង្ក្រាបពួកជនជាតិភាគតិចKarens ដែលងើបបះបោរទាមទារឯករាជ្យ។ នៅឆ្នាំ១៩៥៨ U Nu បានទៅ ពឹងពាក់ឧត្តមសេនីយNe Win ជាថ្មី លើកនេះ ឲ្យបង្ក្រាបពួកកុម្មុយនីស្តវិញម្តង។
នៅទីបំផុត នៅខែមីនាឆ្នាំ១៩៦២ ឧត្តមសេនីយNe Win បានធ្វើរដ្ឋប្រហារទំលាក់ U Nu ហើយក្រសោបយកអំណាចទាំងស្រុងមកក្តាប់។
គេ ត្រូវរង់ចាំរហូតដល់ឆ្នាំ១៩៨៨ ទើបឃើញពលរដ្ឋស៊ីវិលងើបបះបោរ ធ្វើបាតុកម្មប្រឆាំង នឹងរបបសឹករបស់ Ne Win។ កាលនោះ នៅចំពោះមុខមហាបាតុកម្មមួយរបស់គណបក្សប្រឆាំង គឺបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ដឹកនាំដោយលោកស្រីAung San Suu Kyi ឧត្តមសេនីយ Ne win ត្រូវបង្ខំចិត្តលាលែងចេញពីតំណែង។ ក៏ប៉ុន្តែ កងទ័ពដែលនៅតែមិនព្រមបោះបង់ចោលអំណាច ចាប់ពួកមេដឹកនាំបក្សជំទាស់ដាក់គុក ចាប់លោកស្រីAung San Suu Kyi ឃុំខ្លួនក្នុងគេហដ្ឋានលោកស្រី និងបង្កើតស្ថាប័នរដ្ឋាភិបាលមួយ ដែលគេប្រសិទ្ធនាមឲ្យថា គណៈកម្មាធិការរដ្ឋដើម្បីរៀបចំច្បាប់និងសណ្តាប់ធ្នាប់ឡើងវិញ ហៅកាត់ថា SLORC។
ស្ថាប័ន SLORC នេះដែលនៅឆ្នាំ១៩៩៧ ត្រូវបានដូរឈ្មោះទៅជា ក្រុមប្រឹក្សារដ្ឋ ដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ (SPDC) គឺជាសសរគ្រឹះនៃរបបផ្តាច់ការភូមា។ សមាជិកនៃក្រុមប្រឹក្សារដ្ឋនេះសុទ្ធសឹងជានាយទាហាន មានមេបញ្ជាការយោធភូមិភាគទាំង១២នាក់និងនាយទាហានជាន់ខ្ពស់៧នាក់។ គឺក្រុមនាយទាហាននេះហើយ ដែលជាអ្នកតែងតាំងនាយករដ្ឋមន្ត្រី កំណត់មនោគមវិជ្ជានិងបន្ទាត់នយាបាយធំៗនៃរបបសឹកភូមា។
នៅខែ មិថុនាឆ្នាំ១៩៨៩ ក្រុមនាយទាហាន បានសម្រេចប្តូរឈ្មោះភូមា ទៅជាMyanmar ពីព្រោះ ពាក្យMyanmar ដែលមានន័យថា ពូជសាសន៍ដែលកើតមុនគេនៅលើលោកិយ មានលក្ខណៈជាតិនិយមខ្លាំង។
ក្រៅ ពីមូលដ្ឋានជាតិនិយម មនោគមវិជ្ជារបស់ក្រុមនាយទាហានភូមាឈរលើការប្រឆាំងនឹង ប្រជាធិបតេយ្យូបនីយកម្ម និងការប្រឆាំងនឹងបស្ចិមលោក។ ការប្រឆាំងនឹងប្រជាធិបតេយ្យូបនីយកម្ម ជម្រុញឲ្យរបបសឹក ក្តាប់យ៉ាងតឹងរ៉ឹង មធ្យោបាយឃោសនាមហាជន ដូចជា ទូរទស្សន៍ វិទ្យុ និងសារពត៌មាន និងខ្ទប់មាត់បក្សជំទាស់។ នៅក្នុងន័យនេះ របបសឹកមិនព្រមទទួលស្គាល់ ជ័យជំនះ របស់គណបក្សលោកស្រីAung San Suu Kyi នាពេលបោះឆ្នោតសភាឆ្នាំ១៩៩០ បន្តចាប់អ្នកប្រឆាំងញាត់គុក និងវាយបង្ក្រាបក្នុងថ្លុកឈាមរាល់ចលនាបះបោរ ដូចយ៉ាង ការវាយបង្ក្រាបគ្មានត្រាប្រណី ទៅលើបាតុកម្មលោកសង្ឃនិងនិស្សិត នៅ ឆ្នាំ២០០៧។
ដោយឡែក មិនមែនចៃដន្យទេ ដែលរបបសឹកភូមាប្រឆាំងនឹងបស្ចិមលោក ពីព្រោះជាច្រើនឆ្នាំកន្លងមកហើយ ដែលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដាក់សម្ពាធគ្រប់បែបយ៉ាង ទៅលើភូមា បង្ខំឲ្យក្រុមនាយទាហាន ធ្វើប្រជាធិបតេយ្យូបនីយកម្មនៅក្នុងប្រទេស និងដោះលែងអ្នកទោសនយោបាយ ជាពិសេស លោកស្រីប្រមុខបក្សជំទាស់Aung San Suu Kyi ដែលនៅឆ្នាំ១៩៩១ បានក្លាយជាជ័យលាភីរង្វាន់Nobel ផ្នែកសន្តិភាព។
ក៏ប៉ុន្តែ មកទល់ពេលនេះ ការគាបសង្កត់របស់បស្ចិមលោកទៅលើរបបសឹក គ្មានប្រសិទ្ធិភាពទាល់តែសោះ ពីព្រោះរបបផ្តាច់ការភូមាមិនដែលត្រូវការលោកខាងលិចទេ។ សូម្បីតែ នៅខែឧសភាឆ្នាំ២០០៨ ក្រោយពេលដែលខ្យល់ព្យុះកំបុតត្បូងNarguis បានសម្លាប់ប្រជាជនភូមា អស់ជាងមួយសែននាក់ ក៏របបសឹកមិនព្រមទទួលជំនួយរបស់បស្ចិមលោកដែរ យល់ព្រមទទួលតែ ជំនួយរបស់បណ្តាប្រទេសអាស៊ី។
ការពិត របបសឹកភូមាអាងយ៉ាង ពីព្រោះមានប្រទេសចិនជួយនិងមានប្រទេសរុស្ស៊ី ព្រមទាំងបណ្តាប្រទេសAseanរកស៊ីជាមួយ។ ជាក់ស្តែង នៅឆ្នាំ២០០៨កន្លងទៅនេះ ប្រទេសចិនបានដាក់ទុន ៨៥៥លានដុល្លារ រកស៊ីនៅភូមា រុស្ស៊ី៩៤លានដុល្លារ សិង្ហបូរី៥លានដុល្លារ និងវៀតណាម២០លានដុល្លារ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការណែនាំរបស់ប្រទេសចិន និងដោយហេតុតែមានការទិតៀនកាន់តែខ្លាំងពីសំណាក់សមាជិកAseanខ្លះ របបសឹកភូមាបានផ្តើមបោះជំហានទៅរកអ្វី ដែលខ្លួនប្រសិទ្ធនាមឲ្យថា លទ្ធិប្រជាធិបតេយ្យនៅក្នុងក្របខណ្ឌនៃវិន័យ។ នៅក្នុងន័យនេះ រដ្ឋធម្មនុញ្ញថ្មីមួយ ត្រូវបានអនុម័តឡើង តាមរយៈការបោះឆ្នោតប្រជាមតិ កាលពីចុងឆ្នាំ២០០៨។ រដ្ឋធម្មនុញ្ញថ្មីនេះ ត្រូវបង្កើតរបបនយោបាយប្រធានាធិបតីស៊ីវិលមួយ។ តែអ្នកណាក៏យល់ដែរថា ទាំងនេះគឺជាឆាកល្ខោននយោបាយមួយតែប៉ុណ្ណោះ ពីព្រោះ ចង់ឬមិនចង់ អំណាចពិតប្រាកដ នឹងបន្តឋិតនៅក្នុងដៃរបស់ក្រុមនាយទាហានយូរឆ្នាំតទៅមុខទៀត៕
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment