Monday, July 5, 2010

កឋិនកថា

របៀប​ទេសនា​បុច្ផា-វិសជ្ជនា
ព្រះ​មហាឧត្តម​វិជ្ជា-កៃ-អឿន (វិរិយបញ្ញោ)
វត្ត​ព្រះ​ព្រហ្មរតន៍ ខែត្រ​សៀមរាប រៀប​រៀង
ព្រះ​ទេពសត្ថា សូរ-ហាយ ពិនិត្យ​កែ​សម្រួល
១-ម្នាល​អនុត្ថេរ! អ្វី​ដែល​ហៅ​ថា កឋិន? សូម​និមន្ដ​វិសជ្ជនា​មក​មើល ។
ភន្តេ មហាថេរៈ បពិត្រ​មហា​ថេរ​ដ៏​ចំរើន! ដំណើរ​ការណ៍​ដែល​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​សំដែង​បញ្ញត្ដ​រួប​រួម​នូវ​ រូបធម៌ នឹង​នាម​ធម៌​ទាំង​ឡាយ​បាន​ឈ្មោះ​ថា កឋិន, ដោយ​បរមត្ថ​ធម៌​ក៏​ទេ, ពាក្យ​ថា​ កឋិន ជា​ធម៌​ឯក​ដោយ​វិសេស​ប្លែក​ជាង​ទាន​ទាំង​ពួង ហៅ​ថា​កឋិន, សូម​ទាន​ជ្រាប ។

២-សាធុ សាធុ ម្នាល​អនុត្ថេរ! ចុះ​កឋិន-សព្ទ​នេះ បើ​ប្រែ​តាម​ធាតុ បាន​សេចក្ដី​ដូច​ម្តេច? បើ​ប្រែ​តាម​អត្ថ​ថា​ដូច​ម្តេច? សូម​និមន្ដ​ប្រែ​មក​ហើយ​អធិប្បាយ​ឲ្យ​ល្មម​ខ្ញុំ​ស្ដាប់​បាន​ផង​មើល ។
-បពិត្រ ​ព្រះ​មហាថេរ! ខ្ញុំ​ព្រះ​ករុណា​នឹង​ប្រែ​តាម​ធាតុ​រួច​ប្រែ​តាម​អត្ថ ទោះ​បី​ល្មម​ស្ដាប់​បាន​ឬ​ពុំ​បាន​នោះ​មិន​អាច​ធានា​ទេ ។ កឋិន​សព្ទ​នេះ​បើ​ប្រែ​តាម​ធាតុ អដ្ឋក​ថា​ប្រាប់​ថា ធាតុ​ថើម​ថា "កថ" ប្រ​ព្រឹត្ត​ទៅ​ក្នុង​អត្ថ​ពីរ​យ៉ាង ថា "កិរិយា​រស់​នៅ​ដោយ​ក្រ" ១ ថា "កិរិយា​ពោល​សរសើរ" ១,ឯអត្ថថា "រស់​នៅ​ដោយ​ក្រ" នោះ ដូច​ឈើ​ស្នឹង​ដែល​បុគ្គល​កាត់​យក​ឈើ​ស្រស់​មក​បោះ​ធ្វើ​ជា​ស្នឹង ឯ​ឈើ​ស្នឹង​នោះ​រស់​ដុះ​លូត​លាស់​ឡើង​បាន​ដោយ​ក្រពេក មាន​សេចក្ដី​ឧបមា​យ៉ាង​ណា ឯក​ឋិនទាន​ដែល​នឹង​កើត​ឡោះង​តាំង​ឡើង​ពេញ​ទី​ជា​កឋិន​បាន​ដោយ​ក្រពន់​ពេក មាន​ឧបមេយ្យ​ដូច្នោះ​ដែរ ។ ចំណែក​អត្ថថា​"ពោល​សរសើរ" នោះ​គឺ​វត្ថុ​ទាន​ដ៏​វិសេស​ដែល​ព្រះ​អរិយ​បុគ្គល​ទាំង​ឡាយ​មាន​ព្រះ​ពុទ្ធ​ ជា​ដើម​តែង​ពោល​សរសើរ​ថា "​មាន​ផល​ដ៏​វិសេស សម្រេច​ដល់​បុគ្គល​ទាំង​ពីរ​ខាង គឺ​ខាង​ទាយក​អ្នក​ឲ្យ​ក៏​បាន​អានិស្ងៃ​ច្រើន, ខាង​បដិគ្គាហក​ភិក្ខុ​អ្នក​ទទួល​ក្រាស​កឋិន​នឹង​បុគ្គល​គណៈ​ឬ​សង្ឃ​ដែល​ អនុមោទនា​ក៏​បាន​សម្រេច​អានិសង្ស​ទាំង​៥ ពេញ​ទី​ដល់​អស់​កឋិន​ក្ខេត្ដ" ។ កឋិន-សព្ទ​នេះ បើ​ប្រែ​តាម​អត្ថ​គឺ​សេចក្ដី​មាន​ពីរ​យ៉ាង​ថា "កាន់​យក​ព្រម​" ១ ថា "ស្ថិត​ស្ថេរ" ១ ។ ឯ​ពាក្យ​ថា "កាន់​យក​ព្រម​" គឺ​ភិក្ខុ​អ្នក​ក្រាល​ឬ​ភិក្ខុ​អ្នក​អនុមោទនា​អាច​កាន់​យក​នូវ​អានិសង្ស ៥ មិន​ឲ្យ​ត្រេច​ហួស​ទៅ​ខេត្ដ​ដទៃ​បាន, ពាក្យ​ថា "ស្ថិត​ស្ថេរ" គឺ​ភិក្ខុ​អ្នក​ក្រាល​នឹង​ភិក្ខុ​អ្នក​អនុមោទនា​កឋិន​អាច​ធ្វើ​នូវ​អានិសង្ស ៥ ឲ្យ​មាន​ទី​បំផុត​ត្រឹម​ពេញ​បូណ៌មី​ខែ​ផល្គុន ឬ​ថា​តាំង​នៅ​ក្នុង​ខាង​ក្នុង​នៃ​កឋិន​ក្ខេត្ដ ។ អធិប្បាយ​ថា​បើ​ភិក្ខុ​បាន​ក្រាល​គ្រង​ឬ​អនុមោទនា​កឋិន​តាំង​ពី​ថ្ងៃ​១ រោច​ខែ​អស្សុជ​ទៅ អានិសង្ស​កឋិន​មាន​៥​ខែ, បើ​បាន​ក្រាល​ឬ​អនុមោទនា​កឋិន តាំង​ពី​ថ្ងៃ​ពេញ​បូណ៌មី​ខែ​កត្ដិក​ទៅ នោះ​អានិសង្ស​ទាំង​៥​តាំង​ស្ថិត​ស្ថេរ​នៅ​អស់​កំណត់​ហេមន្ដ​រដូវ​ត្រឹម​តែ​៤ ​ខែ, បពិត្រ​ព្រះ​មហា​ថេរ​ដ៏​ចំរើន! ខ្ញុំ​ព្រះ​ករុណា​បាន​ប្រែ​កឋិន សព្ទ​ព្រម​ទាំង​សេចក្ដី​អធិប្បាយ​បាន​សេចក្ដី​ប៉ុណ្ណេះ សូម​ជ្រាប ។
៣-សាធុ សាធុ លោក​ម្ចាស់​វិសជ្ជ​នាម​មក​នេះ ខ្ញុំ​ស្ដាប់​ប្រាប់​បាន​ចូល​ចិត្ត​ហើយ ខ្ញុំ​នឹង​សួរ​ត​ទៅ​ទៀត​ ។ អើ​លោក​ម្ចាស់! កឋិន​នេះ មាន​ពី​ត្រឹម​ណា​មក? មាន​ដំណើរ​រឿង​រ៉ាវ​ដូច​ម្តេច បាន​ចា​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​អនុញ្ញាត​ឲ្យ​មាន​កឋិន​នេះ​ឡើង? សូម​លោក​ម្ចាស់​និមន្ដ​សំដែង​ឲ្យ​ពីរោះ​ក្បោះ​ក្បាយ​មក​មើល ។
-ភន្តេ មហាថេរៈ បពិត្រ​ព្រះ​មហាថេរ​ដ៏​ចំរើន! ការ​សំដែង​ឲ្យ​ពិរោះ​ក្បោះ​ក្បាយ​នោះ ពុំ​អាច​អះ​អាង​បាន​ទេ ឯរឿង​កឋិន​នេះ​មាន​និទាន​ជា​វិត្ថារ​ពិស្ដារ សូម​សំដែង​តាម​សមត្ថភាព​នៃ​ការ​ចេះ​ដឹង​ចំពោះ​កឋិន​ដែល​មាន​នៅ​ក្នុង​ កឋិនក្ខន្ធកៈ ដែល​ព្រះ​សង្គីតិកាចារ្យ​ទាំង​ឡាយ​មាន​ព្រះ​មហាកស្សបត្ថេរ ជា​ប្រធាន លោក​សង្គាយនា​តាំង​ទុក​មក​ថា៖
សម័យ​មួយ សម្តេច​ព្រះ​ភគវន្ដ​បពិត្រ ស្តេច​ស្ថិត​គង់​សំរាន​ក្សាន្ដ​ព្រះ​ឥរិយាបថ​អភិរម្យ​ដោយ​ព្រហ្ម​វិហារ​ ប្រាកដ​នៅ​ក្នុង​ព្រះ​មហាវិហារ​ព្រះ​ជេតពន​សុគន្ធកុដី ជា​អារាម​នៃ​អនាថ​បិណ្ឌិ​សេដ្ឋី​សាង​ថ្វាយ ពុំ​ឆ្ងាយ​អំពី​នរគសាវត្ថី​រាជ​បុរី​សីមា គ្រា​កាល​នោះ មាន​ភិក្ខុ​ទាំង​ឡាយ​ប្រមាណ​៣០ អង្គ មាន​ប្រក្រតី​គង់​នៅ​ក្នុង​នគរបាវា បបួល​គ្នា​ត្រេច​ចរ​ទៅ កាន់​នគរ​សាវត្ថី ប្រយោជន៍​ដើម្បី​នឹង​ចូល​ទៅ​គាល់​ព្រះ​បរមសាស្ដាចារ្យ​វេលា​នោះ ជា​វស្សូម​អាយិកា​សម័យ​ ជួន​ព្រះ​សង្ឃ​នឹង​ចូល​ព្រះ​វស្សា​ហើយ​ឯភិក្ខុ​ទាំង​៣០ រូប​នោះ មាន​ដំណើរ​មក​ក្នុង​មគ្គា​ដ៏​ឆ្ងាយ នឹង​ស្រូត​ទៅ​ឲ្យ​ដល់​នគរ​សាវត្ថី​ពុំ​ទាន់ ក៏​ល្មម​ដល់​ថ្ងៃ​ចូល​វស្សា ទើប​នាំ​គ្នា​ចូល​ទៅ​អាស្រ័យ​ចាំ​វស្សា​នៅ​ក្នុង​ក្រុង​សាកេត ជា​ខេត្ដ​ឡើង​នគរ​សាវត្ថី អស់​ចំនួន​ខែ​៣ តាម​សម័យ​ត្រៃ​មាស​ជា​កំណត់ លុះ​ដល់​ចេញ​វស្សា​បវារណា​ហើយ ភិក្ខុ​ទាំង​៣០ រូប​នោះ ក៏​បបួល​គ្នា​លា​ចេញ​អំពី​ស្រុក​សាកេត​បុរី​ធ្វើ​ដំណើរ​ទៅ​កាន់​នគរ​សាវត្ថី ​រាជ​ស្ថាន​ពុំ​ទាន់​បាន​ដល់ ដយ​ផ្លូវ​ឆ្ងាយ​សែន​លំបាក​ក្រៃ ព្រោះ​សម័យ​នោះ​ក៏​ជា​វស្សានៈ​រដូវ ផ្លូវ​នោះ​ប្រកប​ដោយ​នូវ​ទឹក​ភ្លៀង​ភក់​របាប់ ឯចីពរ​ស្បង់ សង្ឃាដី​នៃ​ភិក្ខុ​ទាំង​នោះ ក៏​ដិត​ប្រឡាក់​ទទឹក​ជោក​ដោយ​ទឹក​ភ្លៀង​តែ​រៀងៗ រាល់​ដំបន់​រាល់​កន្លែង ឯសរីរៈ​កាយ​នៃ​ភិក្ខុ​ទាំង​នោះ​ឯង ក៏​និត្យ​នឿយ​ទ្រុឌ​ទ្រោម លុះ​ល្មម​ដល់​នគរ​សាវត្ថី ទើប​នាំ​គ្នា​ចូល​ទៅ​គាល់​សម្តេច​ព្រះ​ជិន​ស្រី​ក្នុង​ព្រះ​ជោតពន​មហាវិហារ ។ ឯ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​អគ្គបុគ្គល ស្តេច​ទ្រង់​យល់​ភិក្ខុ​ទាំង​៣០ រូប​នោះ ដែល​មាន​ត្រែ​ចីរ​រសៅ​ហ្មង​ដោយ​នូវ​ទឹក​ភ្លៀង​ទទឹក​ដូច្នោះ ហើយ​ទើប​ទ្រង់​ត្រាស់​បដិសណ្ឋារៈ សួរ​់ទទួល​ដោយ​ពុទ្ធដីកា​តាម​ធម្មតា​ហើយ ទ្រង់​ព្រះ​មហាករុណា​ក្នុង​វេនេយ្យ​ពុទ្ធ​បរិស័ទ អាស្រ័យ​ហេតុ​នោះ ជា​និទាន​ ទើប​មាន​ពុទ្ធដីកា ត្រាស់​ហៅ​ភិក្ខុ​ទាំង​ឡាយ មក​ប្រជុំ​សន្និបាត​ហើយ​ទ្រង់​អនុញ្ញាត​កឋិន​ត្ថារវិន​យក​កម្មថា "អនុជា​នាមិ ភិក្ខវេ វស្សំ វុត្ថានម ភិក្ខូនី កឋិនំ អត្ថរីតុំ " ម្នាល​ភិក្ខុ​ទាំង​ឡាយ! តថាគត​អនុញ្ញាត​ឲ្យ​ពួក​ភិក្ខុ​ដែល​បាន​នៅ​ចាំ​វស្សា​រួច​ហើយ​ក្រាល​កឋិន​ បាន" ។ អត្ថតកឋិនានំ វោ ភិក្ខវេ បញ្ចនីសំសានិ កប្បិស្សន្ដិ "ម្នាល​ភិក្ខុ​ទាំង​ឡាយ! កាល​បើ​អ្នក​ទាំង​ឡាយ​បាន​ក្រាលកឋិន​ហើយ នឹង​បាន​សម្រេច​អានិសង្ស ៥ ប្រការ​ដោយ​ពិត" ។ បពិត្រ​ព្រះ​មហាថេរ! ឯ​ដំណើរ​ដើម​ដែល​នាំ​ឲ្យ​កើត​កឋិន​ក្នុង​សាសនា ដូច​ន័យ​ដែល​បាន​វិសជ្ជនាមក​នេះ សូម​ទាន​ជ្រាប ។
៤-សាធុ សាធុ ម្នាល​អនុត្ថេរ! ប្រស្នា​ដែល​លោក​ម្ចាស់​វិសជ្ជនា​មក​ពិរោះ​ក្បោះ​ក្បាយ​ហើយ, ខ្ញុំ​សូម​សួរ​ត​ទៅ​ទៀត ។ លោក​ម្ចាស់​សំដែង​ថា "ភិក្ខុ​ដែល​បាន​ក្រាល​គ្រង​កឋិន នឹង​ភិក្ខុ​ដែល​បាន​ទទួល​អនុមោទនា​នូវ​កឋិន​នោះ ថា​នឹង​បាន​សម្រេច​អានិសង្ស​៥ ប្រការ" ចុះ​អានិសង្ស​៥ ប្រការ​នោះ​តើ​គឺ​អ្វី​ខ្លះ? សូម​រៀប​រាប​មក​ទៀត​មើល ។
-បពិត្រ​ព្រះ​មហាថេរ! ឯ​អានិសង្ស ៥ ប្រការ​ ដែល​សម្រេច​អំពី​កឋិន​ទាន​ដល់​ពួក​ភិក្ខុ​នោះ​គឺ៖
ក/ អនាមន្ដចារោ ភិក្ខុ​ណា​ពុំ​បាន​លា​ពុំ​បាន​ប្រាប់​ភិក្ខុ​ជា​សព្រហ្មចារ្យ នៅ​ក្នុង​អារាម​ជា​មួយ​គ្នា​ហើយ​ត្រាច់​ទៅ​កាន់​ត្រកូល​ក្នុង​វេលា​ព្រឹក​ឬ​ វេលា​ល្ងាច, ភិក្ខុ​នោះ​ត្រូវ​អាបត្តិ​ដោយ​ចារិត្ដ​សិក្ខាបទ, ថា​បើ​ភិក្ខុ​នោះ​បាន​គ្រង​កឋិន​ក្ដី អនុមោទនា​កឋិន​ក្ដី ទោះ​បី​មិន​បាន​ប្រាប់​មិន​បាន​លា​ភិក្ខុ​ជាស​ព្រហ្មចារ្យ​នៅ​ជា​មួយ​គ្នា ហើយ​ទៅ​កាន់​ត្រកូល ក៏​ឥត​ត្រូវ​អាបត្តិ ព្រោះ​អានិសង្ៃ​នៃ​កខិន អាច​ការ​ពារ​អាបត្តិ​ដល់​ភិក្ខុ​នោះ​ឯង ។
ខ/ អសមា​ទាន​ចារោ, ភិក្ខុ​ណា​លះ​ត្រៃ​ចីវរ​ឯណា​មួយ​ដែល​ជា​ទី​រក្សា​ក្នុង​កាល​អរុណរះ​ឡើង​ទុក​ ហើយ​ចេញ​ចាក​ទី​លំ​នៅ ឲ្យ​កន្លង​អរុណ​មាត្រា​តែ​រាត្រី​១ នឹង​ត្រូវ​អាបត្តិ​ដោយ​ចីវរ​វិកប្បន​សិក្ខា​បទ, បើ​ភិក្ខុ​នោះ​បាន​ក្រាល​គ្រង​អនុមោទនា​កឋិន ទោះ​បី​លះ​ត្រៃ​ចីវរ​ទុក​ឲ្យ​កន្លង​រាត្រី​ក៏​ឥត​ត្រូវ​អាបត្តិ ព្រោះ​អានិសង្ៃ​នៃ​កឋិន​នោះ​ឯង ។
គ/ គណភោជន៍ ភិក្ខុ​ទទួល​ចង្ហាន់​គណភោជន​តាំង​តែ​អំពី​៤ រួប​ឡើង​ទៅ ហើយ​មាន​ទាយក​មក​និមន្ដ​ដោយ​វោហារ​គ្រហស្ថ មិន​សម​គួរ​ដល់​សមណ​ក័ប្ប​ជា​ដើម​ថា " និមន្ដ​លោក​ឆាន់​បាយ ឆាន់​សម្ល ឆាន់​ត្រី ឆាន់​សាច់​ជ្រូក​ជា​ដើម" ទៅ​ឆាន់​ក៏​ត្រូវ​អាបត្ដិ​ដោយ​គណភោជន​សិក្ខាបទ, បើ​ភិក្ខុ​តាំង​ពី​៤ អង្គ​ឡើង​ទៅ បាន​ក្រាល បាន​អនុមោទនា​កឋិន​ហើយ​ទោះ​បី​ទៅ​ឆាន់​ភោជន​នៃ​ទាយក​នោះ​ក៏​ឥត​ត្រូវ​ អាបត្តិ ។
ឃ/ យាវទត្ថចីវរំ ភិក្ខុ​បាន​ចីវរ​លាភ​ទាំង​ពួង​មក ហើយ​ពុំ​បាន​អធិដ្ឋាន​វិភ័ប្ប​ហើយ​ទុក​ឲ្យ​កន្លង​រាត្រី ១០ ថ្ងៃ​ទៅ​ដូច្នេះ​ក៏​ពុំ​ត្រូវ​អាបត្តិ​ឡើង ។
ង/ យោ ច តត្ថ ចីវរុប្បាទោ សោ នេសំ ភវិស្សតិ
ចីវរ ​ដែល​កើត​អំពី​ទាយក​ថ្វាយ​ចំពោះ​ជា​សង្ឃ​ទាន​ក្ដី ចីវរ​កើត​អំពីធរណី​សង្ឃ គឺ​ថ្ងៃ​ស្រែ​ចំការ​វត្ដ​ក្ដី មតក​ចីវរ គឺ​ចីវរ​របស់​ភិក្ខុ​សាមណេរ​ដែល​ដល់​អនិច្ចធម្មក្ដី សង្ឃិក​ចីវរ​ទាំង​៣​ប្រការ ដែល​កើត​ក្នុង​ដែន​កឋិនាវាស​ក៏​បាន​ដល់​ភិក្ខុ​ដែល​បាន​ក្រាល​អនុមោទនា​កឋិន ​ពួក​មួយ​នោះ​ឯង តែ​ភិក្ខុ​ដាច់​វស្សា​ក្ដី ភិក្ខុ​ដែល​ចូល​បច្ឆិម​វស្សា​គឺ​ចូល​ក្នុង​ថ្ងៃ​១ រោច​ខែ​ស្រាពណ៍​នោះ​ក្ដី មិន​ត្រូវ​បាន​ចំណែក​ចីវរ​នោះ​ផង​ឡើង ។
បពិត្រ​ព្រះ​មហាថេរ! ឯក​ឋិន​ទាន​មាន​អានិសង្ឃ​អាច​ការ​ពារ​បត្តិ​៥​ប្រការ ដូច​សំដែង​មក​នេះ ចំពោះ​មាន​កាល​កំណត់ តាំង​អំពី​ថ្ងៃ​ដែល​បាន​ក្រាល- អនុមោទនា​កឋិន​មក ដរាប​ដល់​ថ្ងៃ​បូណ៌មី​ខែ​ផល្គុន ជា​ថ្ងៃ​បំផុត​ដោះ​កឋិន​ដោយ​ប្រការ​ដូច្នេះ​ឯង សូម​ទាន​ជ្រាប ។

0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ