អាស៊ីអាគ្នេយ៍សម្បូណ៌ទៅដោយចលនាទ័ពព្រៃដែលមួយចំនួនធំមាន ចំណាស់ចាស់ជាងគេបង្អស់នៅក្នុងពិភពលោក ដូចជាទ័ពព្រៃកម្មុយនីស្តឬក៏ទ័ពព្រៃនៃជនជាតិភាគតិច Hmong ជាដើម។ ដោយឡែកតាំងពីឆ្នាំ២០០១មក អាស៊ីអាគ្នេយ៍ក៏ជាតំបន់ដែលទទួលរងការវាយប្រហារពីសំណាក់ទ័ពព្រៃ អ៊ីស្លាមនិយមជ្រុលដែរ។
បាតុភាពទ័ពព្រៃនៅអាស៊ីអាគ្នេយ៍
នៅ ក្នុងអតីតកាលក៏ដូចពេលបច្ចុប្បន្ន បណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនធំបានជួប និងកំពុងបន្តប្រឈមមុខនឹង បាតុភាពទ័ពព្រៃ។
នៅសម័យសង្គ្រាម ត្រជាក់ទ័ពព្រៃដែលបានក្រឡុកធ្វើឲ្យរំជើបរំជួលអាស៊ីអាគ្នេយ៍ ខ្លាំងជាងគេគឺពួកបដិវត្តន៍កុម្មុយនីស្តដែលបានបះបោរប្រឆាំងនឹង របបនយោបាយណាដែលមាននិន្នា ការផ្អៀងទៅរកសហរដ្ឋអាមេរិក។
ពួកទ័ព ព្រៃកុម្មុយនីស្តអស់ទាំងនេះថែមទាំងបានរំលំអំណាច នយោបាយនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួននៅឆ្នាំ១៩៧៥ទៀតផង ដូច ជានៅកម្ពុជាវៀតណាម និង ឡាវជាដើម។ ផ្ទុយទៅវិញ រដ្ឋអំណាចខ្លះបានវាយកម្ទេចគ្មានសល់ពួកទ័ពព្រៃកុម្មុយនីស្ត។ ឧទាហរណ៍ ឥណ្ឌូនេស៊ីបានកម្ទេចពួកកុម្មុយនីស្តទាល់តែអស់នៅឆ្នាំ១៩៥៤។ ម៉ាឡេស៊ីនៅឆ្នាំ១៩៦៥ ថៃនៅឆ្នាំ១៩៨០។ សព្វថ្ងៃនេះនៅអាស៊ីអាគ្នេយ៍មានតែប្រទេសហ្វីលីពីនមួយគត់ ដែលត្រូវបន្តប្រឈម មុខនឹងទ័ពព្រៃកុម្មុយនីស្ត។ក៏ប៉ុន្តែទ័ពព្រៃកុម្មុយនីស្តហ្វីលីពីន ដែលមានឈ្មោះថាកងកម្លាំងថ្មីនៃប្រជាជនលែងជាគ្រោះថ្នាក់ធំទៀត ហើយសម្រាប់រដ្ឋាភិបាលទីក្រុងManille។ក្រៅ ពីទ័ពព្រៃកុម្មុយនីស្តនៅក្នុងអតីតកាលក៏ដូចពេលបច្ចុប្បន្ន បណ្តាប្រទេសអាស៊ីអាគ្នេយ៍ខ្លះបានជួបនិងកំពុងបន្តប្រឈមមុខនឹង ទ័ពព្រៃដែលចេញមកពីស្រទាប់ជនជាតិភាគតិច។ ឧទាហរណ៍ ទ័ពព្រៃ Karen នៅភូមា ទ័ពព្រៃ Hmong នៅឡាវ និងនៅវៀតណាម និងមកទល់ពេលថ្មីៗនេះ ចលនាAcehសេរីនៅឥណ្ឌូនេស៊ីជាដើម។ ជាទូទៅ ទ័ពព្រៃអស់ទាំងនេះមានគោលដៅតែមួយដូចគ្នានោះគឺ ការទាមទារផ្តាច់ទឹកដីចេញពីការត្រួតត្រារបស់អំណាចនយោបាយកណ្តាល។ ឧទាហរណ៍ជាក់ស្តែងនៅភូមា ពួក Karen បានងើបបះបោរប្រឆាំងនឹងរដ្ឋអំណាចតាំងពីឆ្នាំ១៩៤៨មកម្ល៉េះ ពោលគឺក្រោយពីប្រទេសភូមាបានទទួលឯករាជ្យពីប្រទេសអង់គ្លេសភ្លាម។ ចំណែកពួក Hmong វិញដែលសព្វថ្ងៃមានគ្នាប្រមាណ៥សែននាក់នៅវៀតណាម និងប្រមាណ៣សែននាក់នៅឡាវ ជាជនជាតិភាគតិចដែលសហរដ្ឋអាមេរិកបានប្រើឲ្យប្រឆាំងនឹងទ័ព កុម្មុយនីស្តរបស់ Hô Chi Minh នៅក្នុងសង្គ្រាមវៀតណាមពីឆ្នាំ១៩៦៤ ដល់ឆ្នាំ១៩៧៥ និងដែលសហរដ្ឋ អាមេរិកបានប្រើឲ្យប្រឆាំងនឹងទ័ពកម្មុយនីស្ត Pathet Lao នៅប្រទេសឡាវ នៅដើមទសវត្សរ៍៧០ ។ ម៉្លោះហើយបានជារដ្ឋអំណាចកុម្មុយនីស្តនៅទីក្រុង Hanoi ក៏ដូចរដ្ឋអំណាចកុម្មុយនីស្តនៅទីក្រុង Vientiane ដែរ បន្តធ្វើទុក្ខ បុកម្នេញទៅលើពួក Hmong តរហូតមកទល់សព្វថ្ងៃនេះ។តាំង ពីមានមហាភេរវកម្មថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ២០០១ នៅសហរដ្ឋអាមេរិករួចមក គេមិនសូវចាប់ អារម្មណ៍ទៀតទេទៅលើទ័ពព្រៃកុម្មុយនីស្ត ឬទៅលើទ័ពព្រៃរបស់ជនជាតិភាគតិចនៅអាស៊ីអាគ្នេយ៍។ តាំងពីឆ្នាំ២០០១មក អ្វីដែលធ្វើឲ្យរដ្ឋអំណាចបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន បារម្ភ គឺទ័ពព្រៃអ៊ីស្លាមនិយមជ្រុល។ សកម្មភាពរបស់ពួកទ័ពព្រៃអ៊ីស្លាមនិយមជ្រុលបានស្តែងឡើងតាមរយៈ ភេរវកម្មទ្រង់ទ្រាយធំមួយចំនួន ដែលបានធ្វើឲ្យផ្អើលពិភពលោកកាលពីប៉ុន្មានឆ្នាំមុន ដូច ជាភេរវកម្ម នៅ Bali ប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០០២ និងនៅទីក្រុង Jakarta ថ្ងៃទី៥ ខែសីហា ឆ្នាំ២០០៣ ជាដើម។ ទ័ពព្រៃអ៊ីស្លាមនិយមជ្រុលបង្កភេរវកម្ម ក្រឡុកឲ្យរំជើប រំជួល និងធ្វើសកម្មភាពវាយឆ្មក់ជាពិសេស នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ណាដែលប្រជាជនភាគច្រើនជាអ្នកកាន់ សាសនាអ៊ីស្លាម ដូចជានៅឥណ្ឌូនេស៊ី ឬក៏នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ណា ដែលមានជនជាតិភាគតិចជាអ្នកកាន់សាសនាអ៊ីស្លាម ដូចជានៅខាងត្បូងប្រទេសហ្វីលីពីន និងនៅខាងត្បូងប្រទេសថៃជា ដើម។នៅប្រទេសឥណ្ឌូនេស៊ី អ៊ីស្លាមជ្រុលនិយមបានផ្តើមមានសកម្មភាពខ្លាំង នៅ ក្នុងទសវត្សរ៍៩០ ជាពិសេសនៅក្នុង តំបន់ Moluques ជាទីដែលពួកអ្នកកាន់ សាសនាអ៊ីស្លាមធ្វើទុក្ខបុកម្នេញខ្លាំងទៅលើពួកអ្នកកាន់សាសនា គ្រឹស។ នៅប្រទេសហ្វីលីពីនវិញ ពួកអ៊ីស្លាមជ្រុលនិយមបានបង្កើតចលនាទ័ពព្រៃឡើង តាំងពីទសវត្សរ៍៧០ម៉្លេះ រួមមានជាអាទ៌ រណសិរ្ស Moro រំដោះជាតិ និង រណសិរ្ស Moro អ៊ីស្លាមរំដោះ ។ ទ័ពព្រៃទាំងពីរនេះមានមហិច្ឆិតាបង្កើតរដ្ឋ អ៊ីស្លាមមួយដែលគ្របយកកោះ Midanoa Sulu និង Jolo ។ ប្រទេសម៉ាឡេស៊ីវិញ ជាប្រភពដើមនៃចលនាភេរវកម្មល្បីឈ្មោះជាងគេនៅអាស៊ីអាគ្នេយ៍ នោះគឺ Jemaah Islamiyah ។ ក៏ប៉ុន្តែ ថ្វីត្បិតតែបានកកើតឡើងនៅម៉ាឡេស៊ី និងបានត្រូវបង្កើតឡើងដោយជនជាតិម៉ាឡេស៊ីក៏ដោយ ក៏ចលនា Jemaah Islamiyah មិន ដែលបង្កភេរវកម្មទ្រង់ទ្រាយធំនៅក្នុងប្រទេសម៉ាឡេស៊ីទេ។ ចលនានេះបែរជាវាយប្រហារទៅលើប្រទេសជិតខាងទៅវិញ ដូចជាប្រទេស ឥណ្ឌូនេស៊ី និងប៉ែកខាងត្បូងប្រទេសថៃទៀតផងក៏មិនដឹង។
0 comments:
Post a Comment