Monday, July 5, 2010

ធនធាន​ធម្មជាតិ​នៅ​ដែន​ដី​កម្ពុជា​ក្រោម (ភាគ​៣)

ដោយ មឿង ទុម
2010-03-07

ដែនដី ​កម្ពុជា​ក្រោម​ឬ​កម្ពុជា​ក្រោម​ខាង​ត្បូង ឬ​កូសាំងស៊ីន មាន​ទំហំ​ជិត​ស្មើ​នឹង​ពាក់​កណ្តាល​នៃ​ទំហំ​ផ្ទៃ​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ។ នេះ​បើ​តាម​ការ​អះអាង​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម។

RFA Photo/Danh Hong

ទេសភាព​នៃ​ទឹក​ដី​កម្ពុជា​ក្រោម ក្នុង​ប្រទេស​វៀតណាម

សហព័ន្ធ​នេះ​ក៏​បាន​បញ្ជាក់​ដែរ​ថា ដែន​ដី​កម្ពុជា​ក្រោម​មាន​ទំហំ ៦៨.៩៦៥​គីឡូ​ម៉ែត្រ​ក្រឡា ក្នុង​នោះ​មាន​កោះ​ធំៗ ២ គឺ​កោះ​ត្រល់ វៀតណាម​ហៅ​ថា ភូក្វុក និង​កោះ​ត្រឡាច វៀតណាម​ហៅ​ថា កោះ​កូងដាវ តែ​បារាំង​ហៅ​ថា ពូឡូកុង ដ័រ។

សៀវភៅ​ប្រវត្តិសាស្រ្ត​ខ្មែរ "កម្ពុជា​ក្រោម​អំណាច​គ្មាន​ខ្មែរ​ក្រោម" សរសេរ​ដោយ​លោក ត្រាំងឆាត ប៊ុត មាន​ដើម​កំណើត​នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម និង​ជា​អតីត​សាស្រ្តាចារ្យ​នៅ​វិទ្យាល័យ​យុគន្ធ ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​ទសវត្សរ៍ ១៩៦០ បាន​អះអាង​ឲ្យ​ដឹង​ថា កម្ពុជា​ក្រោម​មាន​បណ្តោយ ៥០០​គីឡូ​ម៉ែត្រ និង​មាន​ទទឹង​ពី ៧៥​គីឡូម៉ែត្រ ទៅ ១៩០​គីឡូម៉ែត្រ។ កម្ពុជា​ក្រោម​មាន​អាកាសធាតុ​ពិសេស​ដូច​ប្រទេស​នៅ​ភូមិភាគ​អាស៊ី គឺ​មាន ២​រដូវ, រដូវ​ភ្លៀង​និង​រដូវ​ក្តៅ ដែល​តែង​មាន​ពន្លឺ​ថ្ងៃ​ជាប់​ជា​ប្រចាំ​នៅ​ពេល​ថ្ងៃ។ សីតុណ្ហភាព​ទាប​បំផុត​ត្រឹម ១៨​អង្សារ​សេ និង​ខ្ពស់​បំផុត​ត្រឹម ៤០​អង្សារ​សេ។

ផែន​ទី​ភូមិសាស្ត្រ​ចេញ​ផ្សាយ​ក្រោយ​ឆ្នាំ​១៩៧៥ ដោយ​រដ្ឋាភិបាល​សាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម​បង្ហាញ​ឲ្យ​ឃើញ​ថា ដែន​ដី​កម្ពុជា​ក្រោម​មាន​ទន្លេ​ធំ​វែង​ហូរ​កាត់។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ឲ្យ​ដឹង​បន្ថែម​ថា ទន្លេ​ដែល​ហូរ​កាត់​នោះ​គឺ​ទន្លេ​មេគង្គ​និង​ទន្លេ​បាសាក់។

សៀវភៅ​ប្រវត្តិសាស្រ្ត "កម្ពុជា​ក្រោម​អំណាច​គ្មាន​ខ្មែរ​ក្រោម" បាន​អះអាង​ថា ទន្លេ​មេគង្គ​ហូរ​កាត់​ដែន​ដី​កម្ពុជា​ក្រោម​កាត់​ប្រវែង ២២០​គីឡូ​ម៉ែត្រ ដែល​មាន​ប្រភព​ចេញ​ពី​ប្រទេស​ទីបេ ហូរ​កាត់​ដែន​ដី​កម្ពុជា​ក្រោម​ប៉ែក​ខាង​លិច ហូរ​កាត់​ចាក់​ចុះ​ទៅ​ផ្នែក​ខាង​កើត​ឆៀង​ខាង​ត្បូង​ឆ្ពោះ​ទៅ​កាន់​សមុទ្រ​ ចិន​ខាង​ត្បូង។ នៅ​តាម​តំបន់​ជាប់​មាត់​ទន្លេ និង​ដី​វាល​ទំនាប​តាម​ឈូង​សមុទ្រ​ចិន​ខាង​ត្បូង​របស់​ដែន​ដី​កម្ពុជា​ក្រោម​ ដែល​នៅ​ចន្លោះ​ទន្លេ​មេគង្គ និង​ចំណុច​ទឹក​ខ្មៅ​អាច​ធ្វើ​ស្រែ​ចម្ការ​យ៉ាង​ល្អ​ប្រសើរ។

លោក ត្រាំង ឆាតប៊ុត បញ្ជាក់​ថា កម្ពុជា​ក្រោម​ជា​ជង្រុក​ស្រូវ​មួយ​នៅ​លើ​ពិភពលោក។ ឯ​ចំណែក​ត្រី​សាច់​វិញ​ក៏​មាន​ច្រើន​សំបូរ​ហូរ​ហៀរ​នៅ​ក្នុង​ទឹក​សាប បឹង​បួរ​ទន្លេ ក៏​ដូច​ជា​នៅ​ក្នុង​ទឹក​ប្រៃ ឬ​សមុទ្រ។

ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ ង៉ុកថាច់ ដែល​មាន​ទី​ស្នាក់ការ​នៅ​អាមេរិក​ខាង​ជើង​និង​នៅ​អឺរ៉ុប មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​បន្ថែម ៖ «ដែន​ដី​កម្ពុជា​ក្រោម ​គឺ​ជា​ដែន​ដី​ទំនាប តាំង​ពី​ដើម​មក បាន​ន័យ​ថា គឺ​ជា​ដី​ល្បប់ ដី​ល្អ​មិន​ខុស​គ្នា​ពី​ប្រទេស​កម្ពុជា​យើង​ទេ។ ហើយ​ជា​ដែន​ដី​មួយ​ដែល​សំបូរ​ទៅ​ដោយ​ត្រី គឺ​ថា វា​សម្បូរ​ហ្នឹង​មែនទែន ជា​ពិសេស​គឺ​ដំណាំ​ស្រូវ​ហ្នឹង​តែម្តង។ ហើយ​យើង​ឃើញ​សព្វថ្ងៃ​ហ្នឹង ប្រទេស​យួន​ទាំង​មូល​បាន​ទឹក​ដី​កម្ពុជា​ក្រោម យួន ៨០​ប្លាយ​លាន​នាក់ គឺ​រស់​ដោយសារ​អង្ករ​ស្រូវ​នៅ​លើ​ទឹក​ដី​កម្ពុជា​ក្រោម​តែម្តង»។

ចំណែក​លោក​ស្រី គីម ធីអ៊ូយ ហៅ យាយ​ទៀង អតីត​គ្រូ​បង្រៀន​និង​ជា​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​ខេត្ត​ព្រះត្រពាំង ដែល​វៀតណាម​ហៅ​ថា ខេត្ត​ត្រាវីញ លោក​ស្រី​បាន​កត់ត្រា​នៅ​ក្នុង​សៀវភៅ​ភាគ​ទី​១ ដែល​មាន​ចំណងជើង​ថា "អង្គការ​ជា​នរណា?" បោះពុម្ព​ផ្សាយ​កាល​ពី​ដើម​ឆ្នាំ​១៩៩៤ បាន​ឲ្យ​ដឹង​ថា កម្ពុជា​ក្រោម​ជា​ដែន​ដី​ទំនាប​ដែល​មាន​ជីជាតិ​គ្រប់​បែប​យ៉ាង សម្បូរ​ទៅ​ដោយ​ធនធាន​កសិកម្ម ស្រូវ ត្រី និង​ដំណាំ​គ្រប់​មុខ។

រីឯ​បុរស​ខ្មែរ​ក្រោម​ម្នាក់ សូម​ជម្រាប​ឈ្មោះ​ជា​អក្សរ​កាត់ គឺ ដ.រ. លោក​កំពុង​រស់​នៅ​ក្នុង​ខេត្ត​ក្រមួនស ដែល​វៀតណាម​ហៅ​ថា រ៉ាច់យ៉ា នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​បន្ថែម​អំពី​កសិកម្ម​នៅ​ដែន​ដី​ កម្ពុជា​ក្រោម។

លោក ដ.រ. បាន​ឲ្យ​ដឹង​ថា ៖ «ធ្វើ​ស្រែ​ចម្ការ ឥឡូវ​គេ​ធ្វើ​បី​រដូវ។ ពី​មុន​ធ្វើ ២​រដូវ គឺ​រដូវ​វស្សា​ធ្វើ​ស្រូវ​ស្រាល និង​រដូវ​ប្រាំង​ធ្វើ​ស្រូវ​ធ្ងន់។ តែ​ឥឡូវ​គេ​ប្រែ​ធ្វើ​ស្រូវ​ស្រាល​ទាំង​បី​រដូវ។ មួយ​រដូវ ៣​ខែ ចាប់​ពី​ខែ​វិសាខ ចាប់ផ្តើម​សាប​ព្រោះ បី​ខែ​គឺ​ខែ​វិសាខ ជេស្ឋ អាសាធ ហ្នឹង​ទុំ​ហើយ ៣​ខែ​ច្រូតៗ»។

មឿង ទុម ៖ ក្រៅ​ពី​ធ្វើ​ស្រែ តើ​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​លោក​មាន​ដាំ​ដំណាំ​កសិកម្ម ដាំ​អី​ទេ ភាគ​ច្រើន នៅ​ក្នុង​ខេត្ត​លោក​នោះ? ដ.រ. ៖ ដាំ​មាន​ដាំ​ដំណាំ​ដូច​ជា​ត្រាវ ស្ពៃ ម្រះ​អី​ជាដើម។

មឿង ទុម ៖ តើ​ដំណាំ​ធំ​ជា​ចម្ការ ខ្មែរ​ក្រោម​លោក​មាន​ធ្វើ​ទេ? ដ.រ. ៖ ចម្ការ​តិចតួច មិន​មាន​ធំ​ពេក​ទេ ល្មម​ត្រឹម​មួយ​ហិកតា ឬ​ក្រោម​មួយ​ហិកតា​ចុះ មាន​ដើម​មៀន ដើម​ក្រូច អម្ពរ តែ​ល្មុត​តិច​ទេ ភាគ​ច្រើន​ដាំ​ធុរេន​ច្រើន។ ខេត្ត​ព្រះត្រពាំង​បាន​ដាំ​ច្រើន​គឺ​អំពៅ។

ពលរដ្ឋ​ខ្មែរ​ក្រោម​មួយ​រូប​ទៀត​អាយុ ៤០​ឆ្នាំ សុំ​ជម្រាប​ឈ្មោះ​ជា​អក្សរ​កាត់​ដែរ គឺ ល.រ. ស. សព្វ​ថ្ងៃ​ជា​កសិករ​និង​ជា​គ្រូ​បង្រៀន​នៅ​ខេត្ត​ឃ្លាំង ដែល​វៀតណាម​ហៅ​ថា សុកទ្រាំង នៅ​កម្ពុជា​ក្រោម មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​បន្ថែម​អំពី​កសិកម្ម​នៅ​ទី​នោះ។

លោក ល.រ. ស. បាន​បញ្ជាក់​ថា ៖ «ពី​ដើម យើង​ខ្មែរៗ​ក្រោម​នេះ​សម្បូរ​សប្បាយ​ណាស់។ របរ​សំខាន់​នោះ​គឺ​អាជីវកម្ម​ធ្វើ​ស្រែ ចម្ការ។ ស្រូវ​ធ្ងន់​បូរាណ​របស់​យើង វា​ជិត​អស់​ទៅ​ហើយ ១០​ភាគ​នៅ​សល់​តែ ១​ភាគ​ទេ។ ឥឡូវ​ហ្នឹង​ស្រែ​គេ​បង្ក​បង្កើន​ផល​មួយ​ឆ្នាំ ៣​រដូវ។ ឥឡូវ​ហ្នឹង​គេ​ធ្វើ​ស្រូវ ៣​ខែ​ហ្នឹង​ច្រើន​បំផុត​លេខ​១។ គេ​ហៅ​ស្រូវ​ស្រាល ស្រូវ​បង្កើន​រដូវ។ និយាយ​ជា​មធ្យម តាម​ការ​គេ​ធ្វើ​តាម​វិទ្យាសាស្រ្ត ឥឡូវ​ហ្នឹង​គេ​បាន​(ផល)​នៅ​តំបន់​ខ្ញុំ​នេះ មួយ​កុង ស្ថិតិ​ពិត​ប្រាកដ​គឺ​បាន​ប្រមាណ​ពី ២៥ ទៅ ៣០​ថាំង ដោយ​តំបន់»។

កសិករ​ខ្មែរ​ក្រោម​ដដែល​មាន​ប្រសាសន៍​ថា ក្រៅ​ពី​ដំណាំ​ស្រូវ​កម្ពុជា​ក្រោម​ក៏​មាន​ដំណាំ​ឈើ​ហូប​ផ្លែ​ជា​ច្រើន​ទៀត រួម​មាន​ដូង ដាំ​ច្រើន​បំផុត​នៅ​ទូទាំង​ខេត្ត​ឃ្លាំង។ ចំណែក​នៅ​ខេត្ត​ក្រមួនស ដែល​វៀតណាម​ហៅ​ថា រ៉ាច់យ៉ា មាន​ដាំ​ក្រូច ល្មុត មៀន និង​អម្ពរ ពិសេស​ដាំ​ច្រើន​ធុរេន។ រីឯ​នៅ​ខេត្ត​ព្រះត្រពាំង ដែល​វៀតណាម​ហៅ​ថា ត្រាវីញ ច្រើន​ដាំ​អំពៅ​ជាដើម។

ចំណែក​ពលរដ្ឋ​អ្នក​មាន​ដើម​កំណើត​នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម​មួយ​រូប​ទៀត គឺ​លោក តឹង ម៉ាន់រិន បច្ចុប្បន្ន​ជា​នាយក​ផែនការ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​រស់​នៅ​ក្នុង​ ទីក្រុង​ហ្វីឡាឌេលហ្វៀ នៃ​រដ្ឋ​ផិនស៊ីលវេញ៉ា សហរដ្ឋ​អាមេរិក មាន​ប្រសាសន៍​ឲ្យ​ដឹង​បន្ថែម​អំពី​ដើម​ឈើ​ប្រភេទ​ខ្លះ​ដែល​មាន​ដុះ​តែ​នៅ​ ក្នុង​ដែន​ដី​កម្ពុជា​ក្រោម​ប៉ុណ្ណោះ ដូច​ជា​ដើម​ឃ្វិត​និង​ត្នោត​ជា​ដើម។

លោក តឹង ម៉ាន់រិន បាន​បញ្ជាក់​ថា ៖ «នៅ​កម្ពុជា​ក្រោម​មាន​ដើម​ឈើ​ ខ្លះ​ដែល​យួន​វា​អត់​មាន មាន​តែ​ខ្មែរ​ទេ​ដែល​មាន គឺ​ដើម​ឃ្វិត។ ដើម​ឃ្វិត​ហ្នឹង​ធំ​ដែរ ជួន​មួយ​ឱប ខ្លះ​ធំ​ជាង​មួយ​ឱប​ទៅ​ទៀត។ ដើម​ឈើ​ខ្ពស់​ធំ​ណាស់ ខ្ពស់​ប្រហែល ១០​ម៉ែត្រ​ជាង ១០​ម៉ែត្រ​ខ្ពស់​ឡើង​លើ​ដល់ ១៥ ឬ ២០​ម៉ែត្រ។ យួន​វា​អត់​មាន​ទេ។ សូម្បី​តែ​នៅ​កម្ពុជា​ក្រោម តំបន់​ណា​យួន គឺ​អត់​មាន ដើម​ឃ្វិត​ទេ។ មាន​តែ​តំបន់​ខ្មែរ​ទេ​ដែល​មាន​ដើម​ឃ្វិត។ ដើម​ឃ្វិត​និង​ដើម​ត្នោត មាន​តែ​ខ្មែរ​ទេ​ដែល​មាន។ ផ្លែ​ឃ្វិត​ឆ្ងាញ់ ផ្លែ​ទុំ​ផ្អែមៗ បើ​ខ្ជី​គេ​យក​មក​ជ្រលក់ ធ្វើ​ជា​អន្លក់​ជាមួយ​ម៉ាំ ប្រហុក ជាដើម»។

ពលរដ្ឋ​ខ្មែរ​ក្រោម​មួយ​រូប​ទៀត​គឺ​លោក សាំង ម៉ាក់សាង ជា​អ្នក​និពន្ធ​សៀវភៅ​ដែល​មាន​ចំណងជើង​ថា កូសាំងស៊ីន​ជា​ដែន​ដី​របស់​ខ្មែរ ចុះ​ផ្សាយ​តាំង​ពី​ឆ្នាំ​១៩៧៣​មក បាន​ឲ្យ​ដឹង​ថា កម្ពុជា​ក្រោម ឬ​កូសាំងស៊ីន គឺ​ជា​ប្រទេស​ចុង​ដៃ​នៃ​អាណាចក្រ​ខ្មែរ​ដ៏​សំបូរ ព្រោះ​ដោយសារ​ដែន​ដី​នេះ​លាត​សន្ធឹង​តាម​ដង​ទន្លេ ដែល​ជា​វាល​ល្បប់​សំខាន់ សម្រាប់​ដំណាំ​ស្រូវ​និង​កៅស៊ូ៕

0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ