ព្រះពុទ្ធ រូបប្រក់នាគ ឬព្រះពុទ្ធគង់ប្រថាប់នៅលើពស់នាគរាជមួយមានក្បាល៧ ជាទម្រង់រូបភាព ដែលបង្ហាញឱ្យឃើញយ៉ាងច្បាស់លាស់ពីសិល្បៈវប្បធម៌ខ្មែរយើងនា សម័យកាលបុរាណ ពេលដែលលទ្ធិព្រះពុទ្ធសាសនាបានចាប់កំណើតឡើងជាលើកដំបូង នាសតវត្សរ៍ទី២ នៃគ្រិស្តសករាជ ដោយទទួលឥទ្ធិពលពីប្រទេសឥណ្ឌា ។ ប៉ុន្តែដោយត្រូវលទ្ធិព្រហ្មញ្ញសាសនាគាបសង្កត់ លទ្ធិព្រះពុទ្ធសាសនាក៏បាក់ស្រុតចុះថយ ឥទ្ធិពលរបស់ខ្លួន ។
ទោះបីជាមានការប្រយុទ្ធគ្នាក្នុងលទ្ធិព្រហ្មញ្ញសាសនានិយមយ៉ាងណា ក៏ដោយ ក៏សិល្បករចម្លាក់ខ្មែរមួយចំនួននៅតែគោរពស្រឡាញ់ ហើយខិតខំឆ្លាក់រូបបដិមាព្រះពុទ្ធជានិច្ច មិនអាចបោះបង់ចោលបានឡើយ ។ លុះមកដល់សតវត្សរ៍ទី៦នៃគ្រិស្តសករាជ សិល្បករចម្លាក់ខ្មែរយើងមានការកែច្នៃច្រើន ដើម្បីបង្កើនសម្រស់សោភ័ណភាព ដោយមានឆ្លាក់រូបព្រះកេសាព្រះអង្គឱ្យមានភ្នួងសក់កួចឡើងទៅលើ ក្រោមរូបភាពជាលក្ខណៈធម្មជាតិពិតៗរបស់មនុស្ស ។ លុះក្រោយមកទៀត សិល្បករចម្លាក់ខ្មែរយើង ក៏បានរៀបចំកែច្នៃ ឱ្យកាន់តែមានសម្រស់សោភ័ណភាពសុក្រឹតថែមទៀត គឺមានចម្លាក់ពាក់របាំងមកុដរស្មី ដែលបានបង្ហាញពីឋានៈជាព្រះមហាក្សត្រដ៏កំពូល ដើម្បីរក្សាព្រះនាមកិត្យានុភាពដ៏អស្ចារ្យ ក៏ដូចជារក្សាវង្សត្រកូល ព្រះរាជា ឬ ស្តេចគ្រប់គ្រងផែនដី ដែលឆ្លុះបញ្ចាំងឱ្យឃើញនូវទស្សនៈរីកចម្រើនពីរគឺ៖ ទស្សនៈព្រះពុទ្ធសាសនាថេរវាទ ហិនយាន (មារាវិជ័យ និងការចេះត្រាស់ដឹង) ។
មិនតែប៉ុណ្ណោះសិល្បករចម្លាក់ខ្មែរយើង តែងឆ្លាក់រូបព្រះពុទ្ធមានកាយវិការខុសៗគ្នាដូចជា ឈានមុទ្រ (សម្មាធិ), ភូមិស្បសិមុទ្រ (យកធរណីជាសាក្សីក្នុងពេលផ្ចាញ់ផ្ចាលមារ), អភយមុទ្រ (ចូរកុំខ្លាច), ធម្មចក្រមុទ្រ (ការសម្តែងធម្មចក្រ), វរមុទ្រ (ការដាក់ទាន), និង វិតកិមុទ្រ (ការត្រិះរិះពិចារណា) ។
ដោយសារឥរិយាបថនេះហើយ ដែលនាំឱ្យយើងស្គាល់ព្រះអង្គជា “សមណគោតម” ។ ព្រះអង្គសមណគោតមនេះហើយដែលជាអាទិទេពមួយព្រះអង្គមានសន្តានចិត្ត អាណិតអាសូរ ដល់ជីវិតក្នុងលោក ព្រម ទាំងដឹកនាំជីវិតគ្រប់គ្នាទៅរកផ្លូវកុសលធម៌ និងប្រោះព្រំជីវិតទៅរកសិទ្ធិសេរី និងសុភមង្គលទៀតផង ។
ម្យ៉ាងទៀតការសមាធិរបស់ព្រះអង្គក៏បានបង្ហាញឱ្យយើងដឹងថា ជួនកាលព្រះអង្គគង់ប្រថាប់នៅលើផ្កាឈូករីក ជួនកាលគង់ប្រថាប់នៅលើសត្វពស់នាគរាជទៅវិញ ។ ប៉ុន្តែ!...ហេតុអ្វីបានជាសិល្បករចម្លាក់ខ្មែរយើងចូលចិត្តឆ្លាក់ រូបព្រះពុទ្ធអង្គគង់ប្រថាប់នៅលើសត្វពស់នាគរាជ ?
រឿងនេះវាទាក់ទងទៅនឹងផ្នែកមួយនៃជីវប្រវត្តិរបស់ព្រះពុទ្ធដែលបាន លាតត្រដាងឱ្យឃើញថា៖
នៅពេលដែលព្រះអង្គកំពុងតែសមាធិស្មឹងស្មាធិ៍នៅក្រោមដើមពោធិព្រឹក្ស ក្បែរស្ទឹងនេរញ្ជរ ត្រង់ តំបន់ណេប៉ាល់ប្រទេសឥណ្ឌា...ពេលនោះស្រាប់តែមានភ្លៀងខ្យល់ ព្យុះ សង្ឃរា ព្រមទាំងមានផ្លេកបន្ទោរផ្គរ លាន់ទាំង៨ទិសបក់បោកយ៉ាងខ្លាំង ធ្វើឱ្យផ្ទៃមេឃងងឹតជុំជិត រុក្ខជាតិទាំងពួងរេរាំចុះឡើងៗ បាក់មែក ដាច់ស្លឹក ដាច់ផ្កា ដាច់ផ្លែ និងជីវិតបក្សីបក្សាទាំងឡាយកំពុងតែរងគ្រោះមហន្តរាយ ភិតភ័យយ៉ាងខ្លាំង សម្បើមអស្ចារ្យដែលបណ្តាលមកពីបាតុភូតធម្មជាតិគំរាមកំហែង ។ ដោយសារមើលឃើញព្រះអង្គនៅតែសមាធិជាដដែលអស់រយៈពេល៧ថៃ្ងកន្លងមកហើយ ទាំងហាលភ្លៀង ហាលខ្យល់ ក្តៅ រងាញ័រញាក់ និងមើលឃើញទិដ្ឋភាពគួរឱ្យអាណិតអាសូរ គោរពស្រឡាញ់ទៅលើព្រះពុទ្ធនោះ សត្វពស់នាគរាជមួយប្រកបទៅដោយវិចារណញ្ញាណឈ្មោះ “មុចិលិន្ទ” ក៏វារលូនទៅយ៉ាងសន្សឹមៗក្បែរបាទាទាំងគូរបស់ព្រះអង្គ ដោយយកខ្លួនរុំធ្វើជារង្វេលរាងមូល ព្រមទាំងងើបសិរសាទាំង៧ឡើង បើកពពាររាងដូចជារនាំងឆត្រសិល្ប៍ពិសិដ្ឋ ដើម្បីជួយការពារបិទបាំងគ្រោះធម្មជាតិ ហាក់បីដូចជាអង្វរករលន់តួដល់ព្រះអង្គថា៖ “ព្រះអង្គម្ចាស់! សូមព្រះអង្គយាងមកគង់ប្រថាប់នៅលើខ្លួនខ្ញុំព្រះករុណាមកចុះណា៎ ព្រះអង្គ!...” ។
ពេលនោះព្រះពុទ្ធក៏បើកព្រះនេត្រទាំងទ្វេភ្លាម ក៏ទតឃើញសត្វពស់នាគរាជមុចិលិន្ទយ៉ាងស្លូតបូត នៅតែស្វិតស្វាញតស៊ូនៅនឹងមួយកន្លែងពុំវារ ឬលូនចាកចេញទៅទីណាសោះ ទើបព្រះអង្គមានព្រះតំរិះក្នុងព្រះទ័យថា៖ “ឱសត្វពស់នាគរាជមុចិលិន្ទអើយ!...អ្នកពិតជាព្រះរាជសេនាព្រះ រាជបល្ល័ង្កស្មោះត្រង់ពិតៗជាមួយយើងហើយ!... ” ។
មួយសន្ទុះក្រោយ ពីព្រះអង្គឈ្វេងយល់រួចហើយ ទើបសម្រេចព្រះទ័យយាងទៅគង់ ប្រថាប់នៅលើសត្វពស់នាគរាជមុចិលិន្ទក្បាល៧នេះតែម្តង ។
នៅពេលដែលព្រះពុទ្ធបានយាងគង់ប្រថាប់នៅលើសត្វពស់នាគរាជមុចិលិន្ទ ក្បាល៧រួចមក ពេលនោះ មហិទ្ធិឬទ្ធិរបស់ពស់នាគរាជមុចិលិន្ទបានការពារព្រះអង្គជានិច្ច ទោះបីជាមានខ្យល់ព្យុះ ភ្លៀង ផ្គរបែបណាក៏ដោយ ក៏មិនអាចមកប៉ះពាល់ដល់ព្រះអង្គកាយពលរបស់ព្រះអង្គបានទេ ក្នុងការសមាធិ ដើម្បីប្រមើលមើលពីដំណើរជីវិតសត្វលោកទាំងឡាយដែលកំពុងតែជួបប្រទះនូវ រឿងហេតុផ្សេងៗជាប្រចាំនៅក្នុងសង្គមរស់នៅ ។
ហេតុដូច្នេះហើយបានជាសិល្បករចម្លាក់ខ្មែរយើង តែងតែបង្ហាញព្រះពុទ្ធអង្គ និងសត្វពស់នាគរាជមុចិលិន្ទ ដែលពពួកពុទ្ធសាសនិកនិយមបានឱ្យតម្លៃយ៉ាងខ្លាំងក្លាបំផុតទៅលើ ទស្សនៈផ្លូវកុសលធម៌ សច្ចធម៌ និងទស្សនៈឧត្តមភាព ព្រលឹងវិលវល់នៅក្នុងពិភពស្ថានលោកបច្ចុប្បន្ន និងទៅពិភពបរលោក (លោកខាងមុខ) ជាពិសេសទៅទៀត មិនគ្រាន់តែមនុស្សគោរពស្រឡាញ់ព្រះពុទ្ធប៉ុណ្ណោះទេ សូម្បីតែសត្វពស់នាគរាជមុចិលិន្ទ ឬសត្វស្វា ដំរី...(ក្នុងរឿងជីវប្រវត្តិព្រះពុទ្ធ) ក៏គោរពស្រឡាញ់ព្រះអង្គដែរ ។
រហូតមកដល់បច្ចុប្បន្នយើងនេះ សិល្បករសូនរូប ឬក៏សិល្បករចម្លាក់លោហធាតុ ទាំងមាសក្តី ទាំងស្ពាន់ក្តី ទាំងលង្ហិន ឬសំរឹទ្ធិក្តី ទាំងស៊ីម៉ងត៍ក្តី ៘ ក៏នៅតែសូនរូប ឬសិតរូបព្រះអង្គឱ្យគង់ប្រថាប់នៅលើសត្វពស់នាគរាជមុចិលិន្ទនោះដែរ ។
ទោះបីជួនកាលមានរបាំងមកុដរស្មីព្រះមហាក្សត្រ ឬក៏មានព្រះកេសា (សក់) វេញថ្កួញអង្កាញ់ៗដូចគូទខ្យងយ៉ាងណាក៏ដោយ ក៏នេះគឺជាជំនឿទៅលើលទ្ធិព្រះពុទ្ធសាសនានិយមក្នុងប្រវត្តិសាស្ត្រ ប្រជានុរាស្ត្រខ្មែរ យើងដែលមានប្រាសាទបាយ័នជាសំណល់សក្ខីភាពបញ្ជាក់ស្រាប់ក្នុងសតវត្សរ៍ ទី១៣ ក្រោមរជ្ជកាលព្រះបាទជយវរ្ម័នទី៧ (១១៨៣ -១២១៨) នៃគ្រិស្តសករាជ ។
មកដល់សព្វថៃ្ង ក្នុងសតវត្សរ៍ទី២១ ប្រជារាស្ត្រខ្មែរយើងនៅតែបន្តមរតកជំនឿទៅលើព្រះពុទ្ធសាសនាដដែល ៕
Monday, July 5, 2010
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment