ដោយ មឿង ទុម
2010-03-14
ដែន ដីកម្ពុជាក្រោមឬកូសាំងស៊ីន ត្រូវបានគេហៅជាភាសាអង់គ្លេសថា Mekong Delta ឬដែនដីសណ្តទន្លេមេគង្គ ឋិតនៅភាគខាងត្បូងនៃប្រទេសវៀតណាមបច្ចុប្បន្ន។
Photo supplied
ព្រះសង្ឃពុទ្ធសាសនាខ្មែរកម្ពុជាក្រោមច្រូតស្រូវនៅក្នុងទឹកដីកម្ពុជាក្រោម (ក្នុងប្រទេសវៀតណាម)
លោក ឆាលស៍ អេហ្គ័រ (Charles Agar) ជាជនបរទេសម្នាក់បានសរសេរសៀវភៅប្រវត្តិសាស្រ្តមួយក្បាលមានចំណងជើង ថា "វៀតណាមរួមទាំងអង្គរវត្ត" បោះពុម្ពផ្សាយតាំងពីឆ្នាំ២០០៦មក បានឲ្យដឹងថា Mekong Delta ឬកម្ពុជាក្រោម មានដីមួយផ្នែកទំហំប្រមាណ ៦ម៉ឺនគីឡូម៉ែត្រការ៉េ ឋិតនៅតាមដងទន្លេមេគង្គដែលហូរកាត់បីខេត្ត។ ក្នុងចំណោមប្រជាពលរដ្ឋ ១៧លាននាក់នៅទូទាំងកម្ពុជាក្រោម ក្នុងនោះរួមទាំងខ្មែរក្រោមម្ចាស់ស្រុកផង គឺភាគច្រើនប្រកបរបរកសិកម្មនិងនេសាទ។
សហព័ន្ធខ្មែរកម្ពុជាក្រោមបានឲ្យដឹងថា បច្ចុប្បន្នមានប្រជាពលរដ្ឋខ្មែរក្រោមទាំងអស់ប្រមាណ ៨លាននាក់រស់នៅលើដែនដីកម្ពុជាក្រោម។
កសិករខ្មែរក្រោមមួយរូបអាយុ ៤០ឆ្នាំ សុំជម្រាបឈ្មោះជាអក្សរកាត់ គឺ ល.រ. ស ធ្វើជាគ្រូបង្រៀនផង រស់នៅក្នុងខេត្តឃ្លាំង ដែលវៀតណាមហៅថា សុកទ្រាំង នៅឯដែនដីកម្ពុជាក្រោម មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងបន្ថែមអំពីរបរកសិកម្មនៅទីនោះ ៖ «របរសំខាន់នោះគឺអាជីវកម្មធ្វើស្រែចម្ការ។ ស្រូវធ្ងន់បូរាណរបស់យើង វាជិតអស់ទៅហើយ ១០ភាគនៅសល់តែ ១ភាគទេ។ ឥឡូវហ្នឹងស្រែគេបង្កបង្កើនផល ១ឆ្នាំ ៣រដូវ ។ ឥឡូវហ្នឹងគេធ្វើស្រូវ ៣ខែហ្នឹងច្រើនបំផុតលេខ១ គេហៅស្រូវស្រាល ស្រូវបង្កើនរដូវ។ ឥឡូវហ្នឹងគេនៅតំបន់ខ្ញុំនេះ ១កុងស្ថិតិពិតប្រាកដគឺបានប្រមាណពី ២៥ ទៅ ៣០ថាំងដោយតំបន់»។
បណ្តាញវ៉ឹបសាយថ៍របស់ទស្សនាវដ្តីខ្មែរកម្ពុជាក្រោមបានឲ្យដឹងដែរ ថា នៅតាមដងទន្លេមេគង្គក្នុងដែនដីកម្ពុជាក្រោម មានដីស្រែនិងដីព្រៃទំហំប្រមាណ ៤ម៉ឺនគីឡូម៉ែត្រការ៉េ។ អ្នកនិពន្ធសៀវភៅ"វៀតណាមរួមទាំងអង្គរវត្ត" លោក ឆាលស៍ អេហ្គ័រ បានឲ្យដឹងបន្តថា ដីកម្ពុជាក្រោមមិនត្រូវបានគេទុកឲ្យទំនេរឡើយ គឺភាគច្រើនគេដាំបំពេញដោយស្រូវលិចទឹក។ ការធ្វើស្រែនៅកម្ពុជាក្រោម គេប្រើទាំងរហាត់បូមទឹករហូតដល់ម៉ាស៊ីនបូមទឹក។ ស្រូវជាធនធានសំខាន់បំផុត ចាត់ជាជន្ទល់សេដ្ឋកិច្ចជាតិនិងស្បៀងរបស់ប្រទេសវៀតណាម។
លោក ឆាលស៍ អេហ្គ័រ អះអាងបន្តថា Mekong Delta ឬកម្ពុជាក្រោម ជាជង្រុកស្រូវរបស់វៀតណាម។ កម្ពុជាក្រោមអាចផលិតស្រូវបានដល់ទៅ ៥០%នៃផលិតផលស្រូវទាំងអស់នៅទូទាំងប្រទេសវៀតណាម។
សៀវភៅ "វៀតណាមរួមទាំងអង្គរវត្ត" បញ្ជាក់ថា ផលិតផលស្រូវនៅកម្ពុជាក្រោមបានធ្វើឲ្យប្រទេសវៀតណាមជាប់ចំណាត់ ថ្នាក់ខ្ពស់ ជិតស្មើនឹងប្រទេសថៃ ជប៉ុន និងអាមេរិកខាងលិច ក្នុងការនាំស្រូវចេញទៅលក់ឯបរទេស។ កាលពីក្នុងអំឡុងពេល ៤ខែនៃដើមឆ្នាំ២០០៥ វៀតណាមអាចនាំស្រូវចេញបានដល់ទៅ ១លានតោន លើសពីឆ្នាំ២០០៤ ២៥%។ ក្នុងនោះវៀតណាមបាននាំស្រូវចំនួន ៥សែន៥ពាន់តោនបញ្ជូនចេញលក់ក្នុងតំបន់អាស៊ី រួមមានលក់ទៅប្រទេសហ្វីលីពីនបានជាង ៤សែនតោន។
លោក ថាច់ ង៉ុកថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំទ្វីបអាមេរិកខាងជើងនិងអឺរ៉ុប មានប្រសាសន៍ថា ៖ «ដែន ដីកម្ពុជាក្រោមគឺជាដែនដីសំបូរទៅដោយ ពិសេសគឺដំណាំស្រូវហ្នឹងតែម្តង។ យើងឃើញសព្វថ្ងៃហ្នឹង ប្រទេសយួនទាំងមូលបានទឹកដីកម្ពុជាក្រោម យួន ៨០ប្លាយលាននាក់ គឺរស់ដោយសារអង្ករស្រូវនៅលើទឹកដីកម្ពុជាក្រោមតែម្តង»។
អ្នកនិពន្ធជាជនបរទេសម្នាក់ទៀតឈ្មោះ ដូក្លាស អេ. ហ្វីលីបស៍ (Douglas A. Phillips) សរសេរសៀវភៅមួយក្បាលដាក់ចំណងជើងថា "វៀតណាម" បោះពុម្ពផ្សាយតាំងពីឆ្នាំ២០០៦មក បានឲ្យដឹងបន្ថែមថា ដែនដីកម្ពុជាក្រោម ឬ Mekong Delta ជាតំបន់សំខាន់មួយក្នុងចំណោមតំបន់សំខាន់ៗទាំងបីរបស់ប្រទេស វៀតណាមបច្ចុប្បន្ន។ វៀតណាមហៅកម្ពុជាក្រោម ឬ Mekong Delta ថា តំបន់ ណាំ បូ (Nam Bo) ព្រោះជាតំបន់ដែលឋិតនៅផ្នែកខាងត្បូងនៃប្រទេសវៀតណាម។
លោក ដូក្លាស អេ. ហ្វីលីបស៍ បញ្ជាក់ថា កម្ពុជាក្រោម ឬ ណាំ បូ ជារោងចក្រផលិតសេដ្ឋកិច្ចជាតិសម្រាប់វៀតណាម ដែលរាប់សិបឆ្នាំមកនេះកម្ពុជាក្រោមតែងផ្តល់ភោគទ្រព្យដែលមាន តម្លៃស្មើនឹងពាក់កណ្តាលនៃធនធានរបស់ប្រជាជាតិវៀតណាមទាំងមូល។ ក្រុងព្រៃនគរ ដែលវៀតណាមហៅថា ក្រុងសៃហ្គន ឬហូជីមិញ ឋិតនៅក្នុងដែនដីកម្ពុជាក្រោម ឬ ណាំ បូ មានដីកសិកម្មដែលប្រកបទៅដោយជីជាតិល្អណាស់។ ក្រៅពីដំណាំស្រូវ កម្ពុជាក្រោមមានដាំដំណាំកសិកម្មជាច្រើនមុខទៀត ដែលវៀតណាមបាននាំចេញទៅលក់នៅឯបរទេសដែរ។
បុរសខ្មែរក្រោមម្នាក់សូមជម្រាបឈ្មោះជាអក្សរកាត់ គឺ ដ.រ លោកកំពុងរស់នៅក្នុងខេត្តក្រមួនស ដែលវៀតណាមហៅថា រ៉ាច់យ៉ា នៅឯដែនដីកម្ពុជាក្រោម មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងបន្ថែមអំពីដំណាំកសិកម្មកម្រិត គ្រួសារដែលប្រជាពលរដ្ឋខ្មែរក្រោមដាំនៅកម្ពុជាក្រោម។
លោក ដ.រ បានបញ្ជាក់ថា ៖ «ដាំមានដាំដំណាំដូចជាត្រាវ ស្ពៃ ម្រះអីជាដើម។ ចម្ការមានត្រឹម ១ហិកតា ក្រោម ១ហិកតា មានដើមមៀន ដើមក្រូច អម្ពរ តែ ល្មុតតិចទេ ភាគច្រើនដាំធុរេនច្រើន។ ខេត្តព្រះត្រពាំងបានដាំច្រើនគឺអំពៅ»។
សៀវភៅរបស់អ្នកនិពន្ធ ដូក្លាស អេ. ហ្វីលីបស៍ បានឲ្យដឹងថា ដំណាំកសិកម្មជាច្រើនប្រភេទទៀតដែលមានដាំនៅកម្ពុជាក្រោម គឺរួមមានពោត សណ្តែកសៀង កាហ្វេ តែ ដូង ម្រេច និងកៅស៊ូ។ កសិករក៏មានចិញ្ចឹមសត្វដែរ ដូចជាមាន់ ទា ជ្រូក គោ ក្របី និងចិញ្ចឹមត្រីជាដើម។
លោក តឹង ម៉ាន់រិន នាយកផែនការនៃសហព័ន្ធខ្មែរកម្ពុជាក្រោម មានដើមកំណើតនៅឯដែនដីកម្ពុជាក្រោមដែរ តែសព្វថ្ងៃរស់នៅក្នុងទីក្រុងហ្វីឡាឌេលហ្វៀ រដ្ឋផិនស៊ីលវេញ៉ា សហរដ្ឋអាមេរិក មានប្រសាសន៍ថា នៅខេត្តឃ្លាំងជាស្រុកកំណើតរបស់លោក ដែលសព្វថ្ងៃវៀតណាមហៅថា សុកទ្រាំង សំបូរខ្លាំងគឺបង្គារ។
លោក តឹង ម៉ាន់រិន បានឲ្យដឹងថា ៖ «ត្រីខាងទឹកសាបហ្នឹង វាគ្រប់ធន់ត្រីច្រើនដែរ។ តែសព្វថ្ងៃច្រើនបំផុតហ្នឹង បង្គារៗធំៗប៉ុនៗមេជើង។ សំបូរបង្គារណាស់ បង្គាររាប់ពាន់តោន។ តំបន់ខ្ញុំស្រុក ញួរនោះ សព្វថ្ងៃគេឈប់ធ្វើស្រែ ហើយគេចិញ្ចឹមបង្គារហ្នឹងវិញ។ ខ្ញុំនៅជ្រោយញ ខេត្តឃ្លាំង តែឥឡូវហ្នឹងខេត្តឃ្លាំង តែពីមុនមកគឺជាខេត្តពល្លាវ»។
ពលរដ្ឋខ្មែរក្រោមម្នាក់ទៀត សព្វថ្ងៃរស់នៅក្នុងខេត្តឃ្លាំងនោះដែរ មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងបន្ថែមថា ខេត្តឃ្លាំងក៏សំបូរច្រើនដែរនូវត្រីរ៉ស់ ឬត្រីផ្ទក់ ៖ «ត្រីដែលសំបូរជាងគេគឺត្រីរ៉ស់ ដែលយើងហៅថា ត្រីផ្ទក់នោះ គឺសំបូរលេខ១»។
ចំណែកនៅក្នុងដែនទឹកប្រៃឬសមុទ្រវិញ ដូចជានៅកោះត្រល់ ដែលវៀតណាមហៅថា កោះភូក្វុក ដែលជាដែនដីកម្ពុជាក្រោមដែរនោះ សំបូរត្រីនិងសត្វសមុទ្រ រួមមានប្រភេទត្រីពិសេសម្យ៉ាងដែលវៀតណាមចម្រាញ់រាប់ពាន់តោនជាមួយ នឹងកំពឹសដើម្បីធ្វើជាទឹកត្រីមានរសជាតិឈ្ងុយឆ្ងាញ់ លក់ចេញទៅបរទេសក្នុងមួយឆ្នាំៗបានរាប់លានលីត្រ។
កម្ពុជាក្រោមមានទំហំជិតស្មើនឹងពាក់កណ្តាលនៃដីប្រទេសកម្ពុជា សព្វថ្ងៃ ជាដែនដីខាងកើតរបស់ប្រទេសកម្ពុជា ប៉ុន្តែត្រូវបានអាណានិគមបារាំងប្រគល់ឲ្យវៀតណាមកាន់កាប់ជាផ្លូវការ ដោយដាក់បញ្ជូលទៅជាដែនដីភាគខាងត្បូងរបស់ប្រទេសវៀតណាម តាំងពីពាក់កណ្តាលឆ្នាំ១៩៤៩មកដល់បច្ចុប្បន្ន៕
Monday, July 5, 2010
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment