Monday, July 5, 2010

អំណាច​ផ្តាច់ការ និង​លទ្ធិ​ប្រជាធិបតេយ្យ


លទ្ធិ​ប្រជាធិបតេយ្យ​បាន​ចាប់​ផ្តើម​ចាក់​ឫស​នៅ​អាស៊ីអាគ្នេយ៍ នៅ​ពាក់​កណ្តាល​ទសវត្សរ៍​ទី​៨០ និង​បាន​គ្រប​ដណ្តប់​ខ្លាំង​ទៅ​លើ​ភូមិភាគ​នេះ​នៅ​ក្នុង​ទសវត្សរ៍​ទី​៩០ ដោយ​សារ​តែ​ការ​រលត់រលាយ​ទៅ​នៃ​សង្គ្រាម​ត្រជាក់ និង​ដោយសារ​តែ​កំណើន និង​សន្ទុះ​សេដ្ឋកិច្ច​ក្លៀវក្លា​នៃ​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​ដំបន់។


មុន​ពេល​មក​ដល់
របស់ ​បណ្តា​ប្រទេស​អឺរ៉ុប​ អាណានិគមនិយម​ ក្នុង​សតវត្សរ៍​ទី​១៩​ នៅ​អាស៊ី​អាគ្នេយ៍​ មាន​សុទ្ធ​តែ​របប​រាជា​និយម​ចាស់​គំរិល​។ ក្រោយ​ពេល​ដែល​បណ្តា​ប្រទេស​អាណា​និគម​និយម​ទាំងនេះ​ បាន​ចាក​ចេញ​ពី​អាស៊ី​អាគ្នេយ៍​ សឹង​អស់​ទៅ​វិញ​ នៅ​ចុង​ទសវត្សរ៍​ទី​៤០​និង​ដើម​ទសវត្សរ៍​ទី​៥០​ ប្រទេស​ទាំង​អស់​នៅ​ក្នុង​ភូមិភាគ​នេះ​ បាន​ទទួល​រង​ខ្លាំង​ឬ​តិច​ ចំហាយ​នៃ​សង្គ្រាម​ត្រជាក់​។
នៅ​ក្នុង​កាលៈទេសៈ​បែប​នេះ​ ប្រទេស​ខ្លះ​បាន​ក្លាយ​ជា​របប​ផ្តាច់​ការ​ រណប​សហរដ្ឋអាមេរិក​ដូច​ជា​ថៃ​ Philippines សិង្ហបូរី និង​ប្រទេស​​ខ្លះ​ទៀត​ក្លាយ​ជា​របប​ផ្តាច់ការ​កុម្មុយនីស្ត​ រណប​សហភាព​សូវៀត​ ឬ​រណប​ប្រទេស​ចិន​ប្រជាមានិត​ ដូច​ជា​Vietnam​ ឡាវ​ និង​កម្ពុជា​។ គេ​ត្រូវ​រង់​ចាំ​ដល់​ទសវត្សរ៍​ទី​៨០​ ទើប​ឃើញ​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​ គឺ​Philippines ឈាន​ជើង​មុន​គេ​ ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​។ កាល​នោះ​ គឺ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​១៩៨៦​ Ferdinand Marcos បុរស​ខ្លាំង​នៃ​ របប​ផ្តាច់ការ​Philippines ត្រូវ​បាន​អាមេរិក​បង្ខំ​ ឲ្យ​រៀប​ចំ​ ការ​បោះ​ឆ្នោត​សេរី​និង​ប្រជាធិបតេយ្យ​ ការ​បោះ​ឆ្នោត​ដែល​ជោគជ័យ​ បាន​ទៅ​ លោក​ស្រី​Cory Aquino ភរិយា​របស់​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​លោក​Benigno Aquino ដែល​បាន​ត្រូវ​គេ​ធ្វើ​ឃាត​ នៅ​ឆ្នាំ​១៩៨៣​។ នេះ​គឺ​ជា​រលក​ប្រជាធិបតេយ្យ​ទី​មួយ​។ រលក​ប្រជាធិបតេយ្យ​ទី​ពីរ​ ដែល​បាន​គ្រប​​ដណ្តប់​ទៅ​លើ​អាស៊ី​អាគ្នេយ៍​ បាន​ប្រព្រឹត្ត​ទៅ​នៅ​ ក្នុង​ទសវត្សរ៍​ទី​៩០​ ឧទាហរណ៍​ដូច​ជា​នៅ​សិង្ហបូរី​ នៅ​ថៃ​ នៅ​កម្ពុជា​ និង​នៅ​ឥណ្ឌូនេស៊ី ​ជា​ដើម​។

មាន​មូលហេតុ​ច្រើន​យ៉ាង ​ ដែល​អាច​ពន្យល់​ប្រជាធិបតេយ្យូប​-នីយកម្ម​ នៅ​អាស៊ី​អាគ្នេយ៍​ ក្នុង​ទសវត្សរ៍​ទី​៨០​និង​ទី​៩០​។ មូលហេតុ​ទី​មួយ​ គឺ​ការ​រលត់​រលាយ​ទៅ​នៃ​សង្រ្គាម​ត្រជាក់​។ នៅ​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​ របប​ផ្តាច់ការ​មួយ​ចំនួន​ ដូច​ជា​នៅ​ថៃ​ឬ​នៅ​ឥណ្ឌូនេស៊ី​ បាន​ពង្រឹង​អំណាច​របស់​ខ្លួន​ ដោយ​មាន​ការ​ចូល​ដៃ​ពី​សំណាក់​សហរដ្ឋ​អាមេរិក​ ដើម្បី​ប្រឆាំង​នឹង​មនោគមវិជ្ជា​កុម្មុយនីស្ត​។ ក្រោយ​សម័យ​សង្គ្រាម​ត្រជាក់​ របប​ផ្តាច់ការ​អស់​ទាំង​នេះ​ដែល​ភាគ​ច្រើន​ជា​របប​សឹក​ អស់​មាន​លេស​ ដើម្បី​ពង្រឹង​ និង​បង្កើន​អំណាច​របស់​ខ្លួន​ទៀត​ហើយ​។ អ៊ីចឹង​ហើយ​ បាន​ជា​សន្តិភាព​និង​លទ្ធិប្រជាធិបតេយ្យ​ អាច​ផ្តើម​ចាក់​ឫស​គល់​ នៅ​ក្នុង​ភូមិភាគ​អាស៊ី​អាគ្នេយ៍​បាន​។

មូលហេតុ​ទី​ពីរ​ដែល​អាច​ ពន្យល់​ប្រជាធិបតេយ្យូបនីយកម្ម​នៅ​អាស៊ី​អាគ្នេយ៍​ គឺ​កំណើន​សេដ្ឋកិច្ច ​ដ៏​ខ្លាំងក្លា​របស់​ប្រទេស​នាគ​អាស៊ី​ ដូច​ជា​សិង្ហបូរី​ និង​ក្រោយ​មក​ទៀត​ របស់​ប្រទេស​ខ្លា​អាស៊ី​ ដូច​ជា​Malaisie​ និង​ថៃ​ ពី​ទសវត្សរ៍​ទី​៨០​ ដល់​ឆ្នាំ​១៩៩៧​ ឆ្នាំ​ដែល​វិបត្តិ​សេដ្ឋកិច្ច​បាន​រាតត្បាត​ទៅ​លើ​ទ្វីប​អាស៊ី​។ កំណើន​សេដ្ឋកិច្ច​ដ៏​វិសេស​វិសាល​នេះ​ បាន​ធ្វើ​ឲ្យ​ពួក​អ្នក​វណ្ណៈ​កណ្តាល​ ដែល​ចេះ​ដឹង​ជាង​មុន​និង​ធូរធារ​ជាង​មុន​ កើន​ចំនួន​ លឿន​រហ័ស​ និង​ហ៊ាន​ចេញ​មុខ​ទាមទារ​សេរីភាព​។

គឺ​នៅ​ក្នុង​បរិបទ ​នៃ​ការ​រលត់រលាយ​ទៅ​នៃ​សង្គ្រាម​ត្រជាក់​ បរិបទ​នៃ​កំណើន​សេដ្ឋកិច្ច​ក្លៀវក្លា​បែប​នេះ​ហើយ​ ដែល​គេ​ឃើញ​សង្គម​ស៊ីវិល​មួយ​លេច​ត្រដែត​ឡើង​ និង​ចេញ​មុខ​ទាមទារ​សេរីភាព​ នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​។ សហជីព​ ជា​អ្នក​នាំ​មុខ​គេ​ នៅ​ក្នុង​ចលនា​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​។ ក្រោយ​មក​ទៀត​ មាន​និស្សិត​ និស្សិត​ដែល​ចាប់​ពី​ពាក់​កណ្តាល​ទសវត្សរ៍​ទី​៨០​ទៅ​ បាន​ចុះ​ធ្វើ​បាតុកម្ម​នៅ​តាម​ដង​ផ្លូវ​ ក្នុង​ប្រទេស​ថៃ​ Philippines ភូមា​ និង​ដប់​ឆ្នាំ​ក្រោយ​មក​ទៀត​ ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​។

ចូរ ​កុំ​ភ្លេច​ថា​ របប​ផ្តាច់ការ​របស់​Suharto​ នៅ​ឥណ្ឌូនេស៊ី​ បាន​ដួល​រលំ​ នៅ​ឆ្នាំ​១៩៩៨​ ដោយ​ហេតុ​តែ​ មាន​មហា​បាតុកម្ម​ ក្នុង​ទូទាំង​ប្រទេស​ របស់​សហជីព​និង​របស់​ចលនា​និស្សិត​។

ក្រៅ ​ពី​សហជីព​និង​និស្សិត​ សាសនា​ក៏​បាន​ដើរ​តួ​នា​ទី​មួយ​សំខាន់​ដែរ​ នៅ​ក្នុង​អភិក្រម​នៃ​ការ​ប្រឆាំង​នឹង​របប​ផ្តាច់ការ​។ ឧទាហរណ៍​ជាក់​ស្តែង​ នៅ​ឆ្នាំ​១៩៨៦​ ក្នុង​ប្រទេស​Philippines ព្រះ​វិហារ​Catholique​ បាន​ចេញ​មុខ​គាំ​ទ្រ​លោក​ស្រី​ប្រមុខ​បក្ស​ជំទាស់​Cory Aquino ប្រឆាំង​នឹង​របប​ផ្តាច់ការ​របស់​Ferdinand Marcos។ ដូច​គ្នា​អ៊ីចឹង​ដែរ​ នៅ​ប្រទេស​ភូមា​ ព្រះសង្ឃ​បាន​ជួយ​លាក់​ខ្លួន នៅ​ក្នុង​វត្ត​ ពួក​និស្សិត​ដែល​បាន​ចូល​រួម​ក្នុង​បាតុកម្ម​ ប្រឆាំង​នឹង​របប​ផ្តាច់​ការ​របស់ Ne Win ក្នុង​ឆ្នាំ​១៩៨៨​។

គេ ​ក៏​មិន​អាច​បំភ្លេច​បាន​ដែរ​ តួ​នាទី​របស់​បណ្តា​អង្គការ​មិនមែន​រដ្ឋាភិបាល ​ដែល​ជា​សសរគ្រឹះ​មួយ​ដ៏​មាំ​នៃ​សង្គម​ស៊ីវិល​ មុន​និង​ក្រោយ​ពេល​ ដែល​អំណាច​ផ្តាច់ការ​ខ្លះ​នៅ​ អាស៊ី​អាគ្នេយ៍​ ដួល​រលំ​ហើយ​។

គេ​ក៍​ ត្រូវ​ឲ្យ​តម្លៃ​ផង​ដែរ​ដល់​បច្ចេក​វិជ្ជា​ថ្មីៗ​ ដូច​ជា​ទូរស័ព្ទ​ដៃ​ និង​Internet ដែល​បាន​បើក​លទ្ធភាព​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ពត៌មាន​លឿន​រហ័ស​ និង​ការ​ទាក់ទង​គ្នា​ទាន់​ពេល​វេលា​រវាងមតិ​សាធារណជន​ក្នុង​ស្រុក​និង​មតិ​ អន្តរជាតិ​។

យ៉ាង ​ណា​មិញ​ សព្វ​ថ្ងៃ​នេះ​ អាស៊ី​អាគ្នេយ៍​ នៅ​តែ​ជា​ទី​ ដែល​លទ្ធិ​ប្រជាធិបតេយ្យ​ពិបាក​ងើប​ក្បាល​ និង​ពិបាក​ដំណើរ​ការ​។ ពិបាក​ដំណើរ​ការ​ ដោយ​ហេតុ​តែ​វត្តមាន​ដ៍​រឹងមាំ​ និង​ចាស់​ដុះ​ស្លែ​ នៃ​អំណាច​ផ្តាច់ការ​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ ដោយហេតុ​តែ​មាន​ ការ​បំផុសបំផុល​ឡើង​នូវ​ទ្រឹស្តី​គោលការណ៍​អាស៊ី​ ដែល​ប្រឆាំង​នឹង​លទ្ធិប្រជាធិបតេយ្យ​បែប​បស្ចិម​លោក​ និង​ដោយហេតុ​តែ​វត្តមាន​របស់​មហាយក្ស​ចិន​ ដែល​អាច​ជា​ហ្រ្វាំង​នៃ​ប្រជាធិបតេយ្យូប​-នីយកម្ម ​នៅអាស៊ី​អាគ្នេយ៍​៕​

0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ