Monday, July 5, 2010

ការកើតឡើងនៃពុទ្ធសាសនា

ការកើតឡើងនៃពុទ្ធសាសនា(1)
(ចម្លងពីវែប មហាភិរម្យ)
គោលគំនិតសំខាន់ផ្នែកសាសនា និង ទស្សនវិជ្ជាក្នុងសម័យពុទ្ធកាល គឺ
-គោលគំនិតស្តីពីវត្ថុនិយម វិមតិនិយម និង បុព្វនិយតិនិយម
-គោលគំនិតស្តីពីវិញ្ញាណសាកល(ព្រលឹងធំ)របស់ចក្រវាល
-គោលគំនិតស្តីពីអាត្ម័ន(អត្តា,ព្រលឹងតូច)របស់មនុស្ស
-គោលគំនិតស្តីពីដំណើរអន្ទោលស្លាប់កើត(វដ្តសង្សារ)
-គោលគំនិតស្តីពីជីវិត គឺ ទុក្ខ
ព្រះសម្មាសម្ពុទ្ធជាម្ចាស់ជាស្ថាបនិកនៃពុទ្ធសាសនា ដែលព្រះនាមដើមថា សិទ្ធត្ថកុមារ បានប្រសូតក្នុងបរិយាកាស និង បរិដ្ឋានដែលមានគោលគំនិតផ្នែកសាសនា និង ទស្សនវិជ្ជាទាំងនោះឯក្រុងកបិលពស្តុជារាជធានីនៃសក្កជនបទ ក្បែរភ្នំហិមាល័យប៉ែកទិសឦសាន(នេប៉ាលបច្ចុប្បន្ន)ត្រង់ទិសបូព៌នៃដែនដីកោសល ជាព្រះរាជបុត្រទោលរបស់ ព្រះនាងសិរិមហាមាយានិងព្រះបាទសុទ្ធោទនដែលគ្រប់គ្រងនគរនោះ ព្រះរាជកុមារបានទទួលការសិក្សាអប់រំក្នុង សម្នាក់នៃវិទ្យាចារ្យវិស្វាមិត្រ ទ្រង់សោយសុខសុភមង្គលក្នុងលោកិយវិស័យក្នុងក្រុងកបិលពស្តុដោយមានព្រះនាង ពិម្ពាយសោធរាជាមហេសី និង មានរាហុលកុមារជាឱរសរហូតដល់ព្រះជន្មបាន ២៩ វស្សា
ពុទ្ធនិទានប៉ែកថេរវាទនិងមហាយានមានគំហើញត្រូវគ្នាថា សិទ្ធត្ថកុមារទ្រង់ទតព្រះនេត្រឃើញទេវទូតទាំង ៤ គឺ មនុស្សចាស់ មនុស្សឈឺ មនុស្សស្លាប់ និង សមណៈ និមិត្តទាំង ៤ ប្រការនេះជាហេតុជម្រុញឲ្យព្រះអង្គសម្រេច ព្រះទ័យចេញបួសដើម្បីស្វែងរកផ្លូវរួចផុតចាកទុក្ខ(មោក្ខមគ្គ,វិមុត្តិមគ្គ) ព្រះអង្គចំណាយពេល ៦ ឆ្នាំក្នុងការបំពេញ ព្យាយាមយ៉ាងខ្លាំងក្លា(ធ្វើទុក្ករកិរិយា)ប៉ុន្តែមិនទាន់រកឃើញផ្លូវពិតនៅឡើយ ទីបំផុត ព្រះអង្គសម្រេចព្រះទ័យជ្រើស រើសយកផ្លូវកណ្តាល(មជ្ឈិមាបដិបទា)វិញដោយទ្រង់យល់ឃើញថាមានតែផ្លូវកណ្តាលនេះទេដែលអាចនាំមនុស្ស ឲ្យរួចផុតចាកទុក្ខបាន ។
គោលគំនិតដែលព្រះអង្គជំទាស់ គឺ គោលគំនិតស្តីពីវត្ថុនិយម(materialism) និង វិមតិនិយម(scepticism)ទោះបីជា គោលគំនិតរបស់មេលទ្ធិដទៃ(តិត្ថករ)ដូចជា អជិតកម្ពល,បកុធកច្ចាយនៈ,បូរណកស្សបៈឬសញ្ជ័យវេលដ្ឋបុត្រក៏ដោយ ក៏ទ្រង់ជំទាស់ដែរ ព្រោះព្រះអង្គឈ្វេងយល់ថាគោលគំនិតទាំងនោះមិនអាចនាំសេចក្តីសុខឬសេចក្តីស្ងប់ពិតដល់អ្នក បដិបត្តិបានទេ គោលគំនិតស្តីពីវត្ថុនិយមនេះត្រូវបានអាងដល់ក្នុងគម្ពីរសំស្រ្កឹត និងលទ្ធិដែលចាត់ទុកថាឆ្នើម គឺ លទ្ធិចារវាក មានគោលគំនិតជ្រុលនិយមរហូតដល់មិនទទួលស្គាល់ការកើតរបស់មនុស្សយ៉ាងប្រាកដប្រជាទេ លទ្ធិវត្ថុនិយមមួយទៀតដែលប្រាកដក្នុងគម្ពីរសំស្រ្កឹតដែរ គឺ លទ្ធិលោកាយ័ត ដែលសម្គាល់ថាមនុស្សមានវិញ្ញាណ ហើយវិញ្ញាណនោះនៅនែបនិត្យនឹងរាងកាយ កាលបើមនុស្សស្លាប់ទៅ រាងកាយនិងវិញ្ញាណក៏ស្លាប់ទៅតាមដែរ ។
ការកើតឡើងនៃពុទ្ធសាសនា(2)
ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់យល់ដល់គោលគំនិតដែលមេលទ្ធិទាំងនោះជឿកាន់យ៉ាងសុះសាយក្នុងសម័យនោះ ព្រះអង្គជំទាស់ហើយអធិប្បាយគោលគំនិតថ្មី ជាការបដិវត្តគោលគំនិតចាស់ទាំងនោះ គោលគំនិតដែលមានទម្ងន់ ខ្លាំង និងមានប្រជាប្រិយភាពបំផុតក្នុងសម័យនោះ គឺ គោលគំនិតដែលប្រកាន់ថាមនុស្សយើងមានព្រលឹងតូច(អាត្ម័ន)ដែលនៅនែបនិត្យនឹងព្រលឹងធំ(ព្រហ្ម័ន)ដែលជាវិញ្ញាណសាកល ព្រលឹងទាំងនេះតាំងនៅជានិរន្ត ប៉ុន្តែ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ពិចារណាមើលថាតើមនុស្សគឺជាអ្វី? ប្រកបដោយអ្វីខ្លះ ទ្រង់ពិចារណាឃើញថា មនុស្ស ប្រកបដោយរាងកាយ(រូប),មានទំនួលរងអារម្មណ៍(វេទនា), អាចទទួលដឹងបានថាវត្ថុដែលពាល់ត្រូវនោះ គឺ អ្វី(សញ្ញា),មានសមត្ថភាពអារកាត់នឹងធ្វីឬមិនធ្វើអ្វីក៏បាន(សង្ខារ),មានសេចក្តីចងចាំក្នុងហេតុការណ៍ និងបទពិសោធ ទាំងអាចរំអើកសើរើសេចក្តីចងចាំនោះបាននៅពេលត្រូវការ(វិញ្ញាណ) ពោលគឺ បញ្ចខន្ធ(ខន្ធ ៥) នោះឯង ការផ្គុំឡើងនៃរូប វេទនា សញ្ញា សង្ខារ វិញ្ញាណទើបបានកើតជាបញ្ចខន្ធ បញ្ចខន្ធនេះឯងព្រះអង្គត្រាស់ថាមិនស្ថិត នៅជានិរន្តរឡើយ មានសភាពប្រែប្រួលគ្រប់ពេលវេលា គោលគំនិតដែលថាព្រលឹងតូចព្រលឹងធំតាំងនៅជានិរន្តរត្រូវ បានជំទាស់ដោយទ្រឹស្តីថ្មីដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ជាអ្នកត្រួសត្រាយ ព្រះអង្គត្រាស់បង្ហាញទ្រឹស្តីថ្មីថា អ្វីៗទាំង ពួងទោះជាមនុស្សឬសត្វ ទោះជាលោកឬចក្រវាលឬបរិដ្ឋានដែលនៅជុំវិញខ្លួនមនុស្ស គ្មានអាត្ម័នឬជាអាត្ម័ននោះទេ ជីវវត្ថុនិងអជីវវត្ថុទាំងពួងសុទ្ធតែជាអនាត្ម័ន ឬ អនត្តា (សព្វេ ធម្មា អនត្តា) ។
គោលគំនិតស្តីពីអនត្តា(អនាត្ម័ន)ចាត់ជាទ្រឹស្តីថ្មីនិងសំខាន់បំផុត ការដែលនឹងទទួលស្គាល់គោលគំនិតស្តីពីអនត្តាបាន លុះត្រាតែទទួលស្គាល់ថាអ្វីៗទាំងពួង(សព្វេ ធម្មា)ដែលនៅជុំវិញខ្លួនយើងនេះជាទុក្ខទាំងអស់ ព្រោះពាក្យថា ទុក្ខ នេះមានសភាពមិនតាំងនៅជានិរន្តរ ការតាំងនៅជានិរន្តរ គឺ ការស្ថិតនៅជារៀងរហូតដោយឥតប្រែប្រួល ប៉ុន្តែ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់ថាគ្មានអ្វីដែលតាំងនៅដោយឥតប្រែប្រួលនោះទេ ។
នៅទីបំផុត ព្រះសម្មាសម្ពុទ្ធជាម្ចាស់ក៏ចាប់ផ្តើមប្រកាសសាសនារបស់ព្រះអង្គថា សារពើវត្ថុទាំងជីវវត្ថុនិងអជីវវត្ថុដែល តាំងនៅជាទូទៅនោះមានលក្ខណៈសាមញ្ញ ៣ ប្រការ ហៅថា សាមញ្ញលក្ខណៈ ឬ ត្រៃលក្ខណ៍ គឺ អ្វីៗទាំងអស់ ក្នុងជីវិត ឬ បរិដ្ឋានដែលយើងជួបប្រទះក្នុងជីវិតសុទ្ធតែទាក់ទងនឹងទុក្ខ អ្វីៗសុទ្ធតែប្រែប្រួល មិនតាំងនៅជានិរន្ត(អនិច្ចំ) សរុបសេចក្តីថា អនិច្ចំ មិនតាំងជានិរន្តរ ទុក្ខំ មានសភាពប្រែប្រួល អនត្តា គ្មានព្រលឹងតូចព្រលឹងធំតាំងនៅ ។ សាមញ្ញលក្ខណៈនៃសារពើវត្ថុក្នុងលោកចាត់ទុកថាជាសច្ចភាពខ្ពង់ខ្ពស់បំផុត ប៉ុន្តែការដែលព្រះពុទ្ធសាសនា ទទួលបានការគោរពរាប់អានពីមហាជននោះមិនមែនពាក្បប្រៀនប្រដៅត្រឹមតែសាមញ្ញលក្ខណៈនេះទេ នៅមាន គោលធម៌ជាច្រើនទៀតដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់បង្ហាត់បង្រៀន ហើយធ្វើឲ្យអ្នកគោរពរាប់អានទទួល ផលប្រយោជន៍គឺសេចក្តីសុខពិតប្រាកដមកហើយជាច្រើន ។ គោលគំនិតស្តីពីសាមញ្ញលក្ខណៈនេះបានរីក សាយភាយទៅដល់ប្រទេសជាច្រើននៅក្នុងពិភពលោក ហើយមាននិន្នាការថានឹងទទួលបានមនុស្សគោរពរាប់អាន កាន់តែច្រើនឡើងរឿយៗ ។
ការកើតឡើងនៃពុទ្ធសាសនា(3)
ព្រះធម្មទេសនាដំបូងដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់សម្តែងនោះ គឺ ធម្មចក្កប្បត្តនសូត្រ ព្រះអង្គចាប់ផ្តើមដោយ ត្រាស់ដល់ទុក្ខ ប៉ុន្តែព្រះអង្គបានកំណត់អត្ថន័យនៃទុក្ខថា កំណើត ចំណាស់ ជម្ងឺ និង មរណៈ ជាតម្រាស់ដែលត្រាស់ ត្រាយទៅរកអនិច្ចំ គឺ សភាពមិនតាំងនៅជានិរន្តររបស់ជីវិតនិងរាងកាយ ព្រះអង្គត្រាស់ដល់ទុក្ខដែលកើតចេញពីការ ព្រាត់ប្រាសរបស់ឬបុគ្គលជាទីស្រឡាញ់ ឬការនៅរួមជាមួយនឹងរបស់ឬបុគ្គលដែលខ្លួនមិនចូលចិត្ត ហើយក៏ឈានទៅរក រឿងរបស់តណ្ហាជាពិសេសកាមតណ្ហា លុះត្រាស់រឿងទុក្ខរួចហើយ ព្រះអង្គក៏ត្រាស់ដល់ហេតុនៃទុក្ខ ទ្រង់ចង្អុលបង្ហាញ ដល់សារៈសំខាន់របស់ចិត្ត ទ្រង់ញែកតណ្ហាជា ៣ ប្រភេទ ជាវិធីសាស្ត្រដែលគ្មានអ្នកណាក្នុងជម្ពូទ្វីបធ្លាប់ញែកមកពីមុន ព្រះអង្គត្រាស់ដល់កាមតណ្ហាដែលសំដៅដល់តម្រូវការរបស់កាយតាមរយៈឥន្ទ្រីយ៍ គឺ តម្រូវការខាងរូប សម្លេង ក្លិន រស និង ពំនាល់(ផ្សព្វ) ព្រះអង្គយង់យល់ដល់ការត្រដរតស៊ូជីវិតរបស់មហាជនទាក់ទងនឹងសង្វែងស្វែងរកមោក្ខធម៌ បុគ្គលខ្លះ ចង់មានជីវិតរស់នៅតទៅទៀត មិនទាន់ចង់ស្លាប់ ប៉ុន្តែបុគ្គលខ្លះបែរជាធុញទ្រាន់នឹងជីវិត មិនចង់មានជីវិតរស់នៅតទៅ ទៀតទេ ទោះក្នុងភពជាតិនេះ ភពជាតិខាងមុខឬភពជាតិតទៅ ព្រះអង្គត្រាស់ដល់ភវតណ្ហា និង វិភវតណ្ហា ដែលមាន ន័យតាមគ្រាមភាសាថា ខ្លាចស្លាប់(ភវតណ្ហា) និង មិនចង់កើតទៀត(វិភវតណ្ហា) លុះទ្រង់ពន្យល់បញ្ចវគ្គីយ៍ឲ្យយល់ដល់ទុក្ខគឺអ្វីហើយក៏ទ្រង់អធិប្បាយថាអ្វីគឺមូលហេតុនៃទុក្ខ មូលហេតុនៃទុក្ខនោះគឺ អ្វី ខ្លះ ហើយក៏ត្រាស់ដល់ការរំលត់ទុក្ខនិងវិធីរំលត់ទុក្ខរហូតដល់កោណ្ឌញ្ញព្រហ្មណ៍ដែលជារៀមច្បងរបស់បញ្ចវគ្គីយ៍ អាចយល់ដឹងសច្ចធម៌ និងប្រគល់កាយថ្វាយខ្លួនជាសាវ័កដំបូងក្នុងព្រះពុទ្ធសាសនា ។
ពាក្យប្រៀនប្រដៅរបស់សម្មាសម្ពុទ្ធជាម្ចាស់មិនត្រឹមតែសង្កត់ធ្ងន់ដល់អនិច្ចំ ទុក្ខំ អនត្តា ប៉ុណ្ណោះទេ ប៉ុន្តែព្រះអង្គនៅ ត្រាស់ដល់ការដែលនឹងរួចផុតចាកទុក្ខបាន គឺ និព្វាន ជួសនឹងត្រាស់ថា និព្វាន គឺជាការរួមបញ្ចូលរបស់ព្រលឹងតូច(អាត្ម័ន )និងព្រលឹងធំ(ព្រហ្ម័ន)តាមបែបផែនរបស់គម្ពីរព្រាហ្មណ៍ ប៉ុន្តែព្រះអង្គត្រាស់វិធីចូលដល់ព្រះនិព្វានតាមរយៈ ផ្លូវកណ្តាល (មជ្ឈិមាបដិបទា) ។
ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ពុទ្ធដំណើរដើរប្រកាសសាសនារបស់ព្រះអង្គអស់រយៈពេល ៤៥ ឆ្នាំក្នុងដែនផ្សេងៗ ក្នុងប្រទេសឥណ្ឌាចាប់តាំងពីទ្រង់មានព្រះជន្មាយុបាន ៣៥ ឆ្នាំរហូតដល់ព្រះអង្គចូលកាន់មហាបរិនិព្វាននៅព្រះជន្ម ៨០ ឆ្នាំ ព្រះអង្គប្រតិស្ឋានពុទ្ធសាសនាក្នុងដែនផ្សេងៗនាសម័យនោះ រួមមាន ១៦ រដ្ឋ រាប់ចាប់ពីភាគខាងជើង ដែលហៅថា មធ្យុមប្រទេសឬមជ្ឈិមជនបទចូលមកភាគខាងត្បូងដែលហៅថាទក្ខិណាជនបទ ដូចតទៅនេះ
1. អង្គៈ មានចម្បាជារាជធានី
2.មគធៈ មានរាជគ្រឹះជារាជធានី ឥឡូវនេះ គឺ បត្តនៈ
3.កាសី មានពារាណសីជារាជធានី ឥឡូវនេះ គឺ បេនារេស
4.កោសល មានសាវត្ថីជារាជធានី ឥឡូវនេះ គឺ សាហេតមាហេត
5.វជ្ជី មានវេសាលីជារាជធានី ឥឡូវនេះ គឺ យេសារៈ
6.មល្លៈ មានកុសិនារាជារាជធានី
7.ចេតី មានសោត្ថិវតីជារាជធានី
8.វំសៈ មានកោសម្ពីជារាជធានី ឥឡូវនេះ គឺ កោសែម
9.កុរុ មានឥន្ទបត្តជារាជធានី
10.បញ្ចាលៈ មានកម្បិល្លៈជារាជធានី(ហស្តិនបុរៈ)
11.មច្ឆៈ មានសាគលៈជារាជធានី
12.សុរសេនៈ មានមថុរាជារាជធានី
13.អស្សកៈ មានបោតលីជារាជធានី
14.អវន្តី មានឧជ្ជេនីជារាជធានី ឥឡូវនេះ គឺ ឧជ្ជេន
15.គន្ធារៈ មានតក្កសិលាជារាជធានី ឥឡូវនេះគឺ អាហ្វហ្កានិស្ថាន
16.កម្ពោជៈ មានទ្វារកៈជារាជធានី ឥឡូវនេះ គឺ គុជរដ្ឋ
ហើយដែលប្រាកដក្នុងព្រះសូត្រមាន ៥ ជនបទទៀត គឺ
1.សក្កៈ មានកបិលពស្តុជារាជធានី
2.កោលិយៈ មានទេវទហៈ(រាមគ្រាម)ជារាជធានី
3.ភគ្គៈ មានសុសុំមារគិរីជារាជធានី
4.វិទេហៈ មានមិថិលាជារាជធានី
5.អង្គុត្តរាបៈ មានអាបណៈជារាជធានី
ចំណែកទក្ខិណាជនបទភាគខាងត្បូង មានរដ្ឋដែលគួរពោលដល់ដែរ គឺ កាលិង្គរដ្ឋ ដែលមានអមរាវតីជារាជធានី និង គន្ធាររដ្ឋ ពលរដ្ឋគន្ធារៈធ្លាប់បង្រាបមធគរដ្ឋបាននៅពុទ្ធសតវត្សទី ៥ ចំណេរកាលតមក នៅពុទ្ធសតវត្សទី ៧ កាលិង្គរដ្ឋក៏បង្រាបមគធរដ្ឋបានដែរ ។


Về Đầu Trang Go down

0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ