Monday, July 5, 2010

អ៊ីស្លាម​ជ្រុល​និយម និង​ភេរវកម្ម​នៅ​ឥណ្ឌូនេស៊ី

ប៉ុន្មានឆ្នាំចុងក្រោយនេះ ឥណ្ឌូនេស៊ី​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​វាយ​ប្រហារ​ពីសំណាក់ ពួក​ភេរវជន។ តើមកពីមូលហេតុអ្វី?តើ​ពួក​ភេរវជន​ចេញ​មក​ពីណា?


ឥណ្ឌូនេស៊ី​ដែល​មាន​ប្រជាជន​រហូ​ត​ទៅ​ដល់​២២២​លាន​នាក់ ជា​ប្រទេស​អ៊ីស្លាម​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​ពិភព​លោក។​ ក៏​ប៉ុន្តែ​
អ៊ីស្លាម ​នៅឥណ្ឌូ​នេស៊ី​ជា​អ៊ីស្លាម​ស្លូត​បូត​ប្រកប​ដោយ​ត្រា​ ប្រណី​ពីព្រោះ​ជា​អ៊ី​ស្លាម​មួយ​ដែល​មាន​ប្រភព​ចេញ​មក​ពី​ប្រទេស​ឥណ្ឌា​ពី​ សតវត្សរ៍​ទី​១៣​ដល់​សតវត្សរ៍​ទី​១៤​តាម​រយៈ​ពួក​ឈ្មួញ​ មិន​មែន​តាម​រយៈ​សង្គ្រាម​សាសនា​ទេ​។ម្ល៉ោះ​ហើយ​គេ​មិន​អាច​ប្រ​ដូច​ជន​ជាតិ ​​ឥណ្ឌូ​នេស៊ី​អ៊ីស្លាម​ទៅ​ នឹង​ប្រជាជន​អ៊ីស្លាម​នៅ​ក្នុង​ពិភព​អារ៉ាប់​បាន​ទេ​។ ​ ឧទាហរណ៍​ជាក់​ស្តែង​នារី​ឥណ្ឌូនេស៊ី​មិន​សូវ​ប្រើ​ទេ​ស្បៃ​គ្រប​មុខ​។ យ៉ាង​ណា​មិញ​អ៊ីស្លាម​ដាច់​ខាត​និយម​ឬ​អ៊ីស្លាម​ជ្រុល​និយម​បាន​ផ្តើម​កកើត​ ឡើង​នៅ​ចុង​​ទសវត្សរ៍​ទី​៩០​ជា​ពិសេស​នៅ​លើ​កោះ​Moluques​ ជា​ទី​ដែល​ពី​ឆ្នាំ​១៩៩៩​ដល់​ឆ្នាំ​២០០២​សហគមន៍​អ៊ីស្លាម​និង​សហគមន៍​អ្នក​ កាន់​សាសនា​គ្រឹស្ត​បាន​កាប់​សម្លាប់​គ្នា​យ៉ាង​សាហាវ​ព្រៃ​ផ្សៃ​ជា​ទី​ បំផុត​។ ​ពី​ពេល​នោះ​មក ​ស្រមោល​នៃ​ភេរវកម្ម​អ៊ីស្លាម​ជ្រុល​និយម​បាន​ចាប់​ផ្តើម​លេច​ត្រដែត​ឡើង​នៅ ​លើ​ទឹក​ដី​ឥណ្ឌូ​នេស៊ី​។

មហា​ភេរវកម្ម​ថ្ងៃ​១១​កញ្ញា ​ឆ្នាំ​២០០១​នៅ​សហរដ្ឋ​អាមេរិក​គឺ​ជា​ព្រឹត្តិ​ការណ៍​មួយ​សំខាន់​ដែល​បាន​ ធ្វើ​ឲ្យ​ចលនា​អ៊ី​ស្លាម​ជ្រុល​និយម​នៅ​ឥណ្ឌូនេស៊ី​រីក​ធំ​និង​មាន​ឥទ្ធិពល​ ខ្លាំងក្លា​ឡើង​។ ​ពីព្រោះ​ចំពោះ​ពួក​សកម្មជន​អ៊ីស្លាម​ជ្រុល​និយម​ទាំង​នេះ មហា​ភេរវកម្ម​នៅ​អាមេរិក​ថ្ងៃ​១១​កញ្ញា​ឆ្នាំ​២០០១​គឺ​ជា​ការ​ផ្តើម​ឡើង​នៃ​ សង្គ្រាម​រវាង​អារ្យធម៌​អ៊ីស្លាម​និង​អារ្យធម៌​នៃ​គ្រឹស្ត​សាសនា​។ អញ្ចឹង​ហើយ​បាន​ជា​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ព្រឹត្តិការណ៍​ថ្ងៃ​១១​កញ្ញា​ ឆ្នាំ២០០១ ​ចារន្ត​អ៊ីស្លាម​តឹងរឹង​ជាង​គេ​នៅ​ឥណ្ឌូនេស៊ី​បាន​អំពាវ​នាវ​ឲ្យ​អ្នក​កាន់ ​សាសនា​អ៊ីស្លាម​ទាំង​អស់​ក្នុង​លោក​ពួត​ដៃ​គ្នា​ក្នុង​នាម​ព្រះ​Allah​ ដើម្បី​​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​សហ​រដ្ឋ​អា​មេរិក​និ​ង​សម្ព័ន្ធ​មិត្រ​ របស់​អាមេរិក​។​ គឺ​នៅ​ក្នុង​បរិបទ​នេះហើយ​ដែល​ជាង​មួយ​ឆ្នាំ​ក្រោយ​មក ប្រទេស​ឥណ្ឌូនេស៊ី​បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ពួក​ភេរវជន​។ ឧទាហរណ៍​ជាក់​ស្តែង​គឺ​ភេរវកម្ម​នៅ​បាលី​(Bali)ថ្ងៃ​១២​តុលា​ឆ្នាំ​២០០២​ ភេរវកម្ម​ដែល​បាន​បណ្តាល​ឲ្យ​មាន​ស្លាប់​២០០​នាក់ ភាគ​ច្រើន​ជាអ្នក​ទេស​ចរ​បស្ចឹម​លោក។ ឧទាហរណ៍​ជាក់​ស្តែង​​មួយ​​ទៀត​ គឺ​ភេរវកម្ម​នៅ​ក្នុង​រដ្ឋធានី​Jakarta​ថ្ងៃ​៥​សីហា​ឆ្នាំ​២០០៣​ ភេរវកម្ម​ដែល​បាន​បណ្តាល​ឲ្យ​មានស្លាប់​ជាង​១០​នាក់​។

តើ​ពួក​ភេរវជន​អ៊ីស្លាម​ជ្រុល​និយម​នៅ​ឥណ្ឌូនេស៊ី​ចេញ​មក​ពីណា​?

នៅ ​ខែ​តុលា​ឆ្នាំ​២០០៨​ ភេរវ​ជនមួយ​ក្រុម​ដែល​ជា​អ្នក​បាន​បង្ក​ភេរវកម្ម​នៅ​បាលី​​បាន​ទទួល​ទោស​ ប្រហា​ជីវិត​។ ពួកវា​ជា​សមាជិក​នៃ​អង្គការ​Jemaah Islamiyah ដែល​គេ​ចាត់​ទុក​ថា​ជា​សា​ខា​របស់​Al​ Qaïda​នៅ​អាស៊ី​អគ្នេយ៍​។ មេ​កើយ​របស់​Jemaah Islamiyah ជា​ជន​ជាតិ​ម៉ាលេស៊ី​ឬ​ឥណ្ឌូស៊ី​។ គឺ​ពួក​Jemaah Islamiyah នេះ​ឯង​ដែល​ជា​អ្នក​បាន​បង្ក​ភេរវ​កម្ម​ប្រឆាំង​នឹង​ព្រះ​វិហា​គ្រឹស្ត​ សាសនា​នៅ​លើ​កោះ​Moluques ​ក្នុង​ខែ​ធ្នូ​ឆ្នាំ​២០០០​ ហើយ​គឺ​នៅ​លើ​កោះ​Moluques​នេះ​តែ​ម្តង​ដែល​ពួក​អ៊ីស្លាម​ជ្រុល​និយម​ទទួល​ ការ​បង្ហាត់​ហ្វឹកហ្វឺន​និង​ការ​​បង្វក់​ស្មារតី​ឲ្យ​ក្លាយ​ទៅ​ជា​ភេរវជន​ មិន​ចេះ​ខ្លាច​ស្លាប់​។ Jemaah Islamiyah មាន​មហិច្ចតា​បង្កើត​រដ្ឋ​អ៊ីស្លាម​ដ៏​ធំ​មួយ​ដែល​គ្រប​យក​ឥណ្ឌូ​នេស៊ី​ ម៉ាលេស៊ី​ សិង្ហបូរី​ និង​តំបន់​អ៊ីស្លាម​នៃ​ប្រទេស​ហ្វីលីពីន​និង​ប្រទេស​ថៃ។ ម៉្លោះ​​ហើយ​បាន​ជា​គេ​ចាប់​ផ្តើម​និយាយ​ថា​ភេរវកម្ម​ឥត​ឈប់ឈរ​នៅ​ខាង​ត្បូង ​ប្រទេស​ថៃ​សព្វ​ថ្ងៃ​អាច​ជា​ស្នា​ដៃ​របស់​ពួក​Jemaah Islamiyah។

សហរដ្ឋ ​អាមេរិក​បាន​និង​កំពុង​បន្ត​ធ្វើ​សហ​ប្រតិបត្តិការ​ជា​មួយ​ឥណ្ឌូនេស៊ី​ ដើម្បី​កំទេច​អង្គការJemaah Islamiyah។ ទីក្រុង​Washington​បាន​ទាំង​គ្រោង​ចង់​បង្កើត​មជ្ឈមណ្ឌល​ប្រឆាំង​ភេរវកម្ម​ ប្រចាំ​តំបន់​មួយ​នៅ​លើ​ទឹក​ដី​ឥណ្ឌូនេស៊ី​ទៀត​ផង​។ តែ​ឥណ្ឌូនេស៊ី​មិន​ព្រម​ពីព្រោះ​បារម្ភ​ខ្លាច​ថា​បើ​ធ្វើ​ដូច​នេះ​ប្រទេស​ ខ្លួន​អាច​ក្លាយ​ជា​សមរ​ភូមិ​នៃ​សង្គ្រាម​សាសនា​Djihad។ យ៉ាង​ណា​ក៏​ដោយ​ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ឥណ្ឌូនេស៊ី​និង​សហរដ្ឋ​អាមេរិក​បាន​បង្កើន​សហ​ប្រតិ​បត្តិការ​យោធា​នឹង​គ្នា ​ដើម្បី​ប្រឈម​មុខ​នឹង​ភេរវកម្ម​អ៊ីស្លាម​ជ្រុល​និយម​។ គឺ​នៅ​ក្នុង​ក្រប​ខណ្ឌ​សហ​ប្រតិ​បត្តិ​ការ​​​នេះ​ហើយ​ដែល​នៅ​ខែធ្នូ​ឆ្នាំ​ ២០០៤​នាវា​ចម្បាំង​អាមេរិកាំង​មួយ​គ្រឿង​បាន​ចូល​ទៅ​ដល់​ឆ្នេរ ​សមុទ្រ​នៃ​ខេត្ត​Aceh ដើម្បី​ជួយ​ប្រជាជន​​អ្នក​រង​គ្រោះ​ដោយ​រលក​យក្ស​Tsunami​៕

0 comments:

Post a Comment

 
ឡើងទៅខាងលើទំព័រ ចុះទៅខាងក្រោមទំព័រ